គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងនៅថ្ងៃទី២២ ខែកក្កដានេះថា អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ភ្ញៀវពិសេស និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
គ.ជ.ប បានបញ្ជាក់ថា ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ គ.ជ.ប បានអនុញ្ញាតឱ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោត បានចូលរួមតាមដាន សង្កេតមើលដំណើរការបោះឆ្នោត យ៉ាងច្រើនកុះករ ក្នុងនោះរួមមាន៖ អ្នកសង្កេតការណ៍ជាតិ មានចំនួនសរុប ៨៩.៥៦២រូប ស្ត្រីចំនួន ៥២.៦៥២រូប មកពី ១៣៤សមាគម អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសង្កេតការណ៍អន្តរជាតិ មានចំនួនសរុប ៥៨៦រូប ស្ត្រី ១៦៣រូប មកពី ៥២ស្ថាប័ន។ ភ្ញៀវពិសេស មានចំនួនសរុប ១៨រូប ស្រ្តីចំនួន ៧រូប មកពី ១០ស្ថាប័ន។ អ្នកសារព័ត៌មានជាតិ មានចំនួនសរុប ១.២៨៩នាក់ ស្ត្រីចំនួន ១៨៥នាក់ មកពី ១២៧អង្គភាព និងអ្នកសារព័ត៌មានអន្តរជាតិ មានចំនួនសរុប ១៣៧នាក់ ស្ត្រីចំនួន ៣០នាក់ មកពី ៣៨អង្គភាព។
អ្នកសង្កេតការណ៍បោះឆ្នោត មិនត្រូវផ្តល់ការណែនាំ ការស្តីបន្ទោសដល់មន្ត្រីបោះឆ្នោត និងមិនត្រូវរំខាន ឬជ្រៀតជ្រែកដល់ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ឬបំពានទៅលើបទប្បញ្ញត្តិ ទាំងឡាយនៃច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី រួមនឹងសេចក្ដីណែនាំរបស់គ.ជ.ប ឡើយ។ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងដែលបំពេញ ភារកិច្ចរៀងៗខ្លួន។ នេះបើតាមការបញ្ជាក់របស់គ.ជ.ប៕