សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ចំនួន៨៥នាក់ ក្នុងចំណោមអ្នកសង្កេតការអន្តរជាតិ ៣៣៤រូប មកពីប្រទេសចំនួន៦៥ ចូលជួបសម្ដែងការគួរសមនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២២ ខែកក្កដានេះ។
ក្នុងជំនួបនោះ សម្តេចតេជោ សម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូអ្នកសង្កេតការអន្តរជាតិ ដែលបានមកចូលរួមពិនិត្យ និងតាមដានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។ សម្ដេចបានកត់សម្គាល់ថា នៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការអន្តរជាតិចូលរួមច្រើនជាងការបោះឆ្នោតនាពេលកន្លងទៅ។
សូមជម្រាបជូនថា ក្រុមអ្នកសង្កេតការអន្តរជាតិទាំងនេះ មានមកពីអង្គការអន្តរសភា តំណាងរដ្ឋាភិបាល អង្គការអន្តរជាតិនានា អង្គការអ្នកសង្កេតការណ៍ឯករាជ្យមកពីប្រទេសមួយចំនួន ដូចជាបារាំង ជប៉ុន និងអ៉ីស្រាអែល សង្គមស៊ីវិល ព្រមទាំងអានិកជនខ្មែរមកពីក្រៅប្រទេស ព្រមទាំងមានសារព័ត៌មានអន្តរជាតិផងដែរ។
ក្នុងចំណោមអ្នកសង្កេតការអន្តរជាតិទាំងនោះ មានអតីតប្រមុខរដ្ឋ អតីតនាយករដ្ឋមន្ត្រី អតីតប្រធានសភា និងអនុប្រធានសភា ហើយក៏មានប្រធានសភានៅក្នុងតំណែងគឺម៉ាឡេស៊ី និងនាយករដ្ឋមន្ត្រីនៅក្នុងតំណែងប្រទេសហ្គីណេប៊ីសាវ, ប្រធានCDI ដែលជាអតីតប្រធានាធិបតីកូឡាំបី អតីតប្រធានាធិបតីនីសេរីយា អតីតប្រធានាធិបតីនេប៉ាល់ អតីតប្រធានាធិបតីសិរីលង្កា អតីតប្រធានាធិបតីហ្គីណេប៊ីសាវ, អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងអតីតប្រធានាធិបតីអេក្វាទ័រផងដែរ៕