ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថា រយៈពេល ២១ថ្ងៃនៃការឃោសនារកសំឡេងឆ្នោត គណបក្សនយោបាយដែលបានចុះបញ្ជី និងមានបញ្ជីបេក្ខជននៅតាមមណ្ឌលរាជធានី ខេត្ត បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងក្នុងបរិយាកាសល្អ។ គណបក្សនយោបាយនីមួយៗ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមមធ្យោបាយផ្សេងៗ និងតាមលទ្ធភាពរៀងៗខ្លួន ដែល មានជាអាទិ៍ ការជួបប្រជុំជាមួយអ្នកគាំទ្រ និងសកម្មជននៅតាមទីសាធារណៈ និងតាមទីស្នាក់ការ គណបក្សនយោបាយ ការចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ការប្រគំតន្ត្រី ការបញ្ចាំងស្លាយវីដេអូ តាមទីសាធារណៈ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ និងតាមផ្សារ ការចាក់មេក្រូផ្សព្វផ្សាយនៅតាម ទីស្នាក់ការគណបក្សនយោបាយ និងចាក់មេក្រូចល័តតាមភូមិជាដើម។
ឯកឧត្តមបានឲ្យដឹងបែបនេះ ក្នុងកិច្ចប្រជុំសរុបព្រឹត្តិការណ៍ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ រយៈពេល ២១ ថ្ងៃ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នៅសាលសន្និសីទ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ឯកឧត្តមបន្តថា ក្នុងចំណោមគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង ១៨ មានគណបក្សចំនួន ១៦ បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតនានា ដែលខ្លួនមានបញ្ជីជនឈរឈ្មោះក ក្នុងនោះ គ.ជ.ប បានកត់សម្គាល់ឃើញថា ក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា, មានទំហំធំ និងមានអ្នកចូលរួមច្រើនជាងគេ។ គ.ជ.ប សង្កេតឃើញថា រយៈពេល ២១ថ្ងៃនេះ មានអ្នកចូលរួមឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយសរុប ២.២៣៦.៧៩៤ នាក់ ប្រើរថយន្តឃោសនាមាន ៩៩.៧៩៤ គ្រឿង ទោចក្រយានយន្ត ៧២២.៧៣៣ គ្រឿង ម៉ូតូកង់បី ១០.២៤០ គ្រឿង គោយន្ត ៣.៤៩១ គ្រឿង កាណូត ៨៥៧ គ្រឿង និងទោចក្រយាន ៦២០ គ្រឿង។ លើសពីនេះ ក៏មានការផ្សព្វផ្សាយនូវសកម្មភាពឃោសនាបោះឆ្នោត និងសារនយោបាយរបស់ គណបក្សនយោបាយនៅលើបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក (FACEBOOK) ជារៀងរាល់ថ្ងៃផងដែរ។
ជារួម ឯកឧត្តម ហង្ស ពុទ្ធា បានវាយតម្លៃថា រយៈពេល ២១ថ្ងៃ នៃការឃោសនាបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការពីបណ្តាភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងមណ្ឌលបោះឆ្នោតនីមួយៗ៕
អត្ថបទ៖ អក្ខរា