“ក្នុងកាលៈទេសៈ នៃការប្រែប្រួលស្ថានការណ៍ពិភពលោកដែលកំពុងកើតមាន ខ្ញុំមានទំនុកចិត្ត យ៉ាងមុតមាំថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំ និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការឈ្នះ- ឈ្នះ ខណៈបន្តថែរក្សាទំនាក់ទំនងមិត្តភាពដែកថែប ដែលជារតនសម្បត្តិដ៏មានតម្លៃបំផុត សម្រាប់ មនុស្សជំនាន់ក្រោយ”។ នេះបើតាមព្រះរាជសារអបអរសាទររបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតអបអរសាទររបស់ឯកឧត្តម Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
ព្រះរាជសារព្រះករុណា ព្រះមហាក្សត្រ បន្តថា កម្ពុជានឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ គាំទ្រគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ហើយនឹងធ្វើការរួមគ្នាជាមួយមិត្តចិន ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើ វិស័យនានា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
“ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលមើលឃើញសមិទ្ធផលគួរឱ្យកត់សម្គាល់របស់យើង លើគ្រប់វិស័យ និងមានទំនុកចិត្តយ៉ាងពេញទំហឹងថា កិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់យើង និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលទើបបង្កើតថ្មី នឹងបន្តកាន់តែស៊ីជម្រៅ និងរីកចម្រើន ដើម្បីជំរុញកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ កម្ពុជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានារបស់ចិន ដែលបានបង្កើតឡើង។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម ខ្ញុំជឿជាក់យ៉ាងមុតមាំថា ចិន នឹងបន្តទទួលបាននូវភាពរីកចម្រើន វិបុលភាព និងការអភិវឌ្ឍបន្ថែមទៀត”។ នេះជាខ្លឹមសារបន្ថែមក្នុងព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ៕
អត្ថបទ៖ អក្ខរា