គណបក្សភ្លើងទៀន នៅរសៀលថ្ងៃពុធម្សិលមិញ បានចេញមកអះអាងថា ការអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោត ឬទៅគូសសន្លឹកឆ្នោតចោល គឺជាទង្វើរំលោភបំពានច្បាប់។ ការប្រកាសរបស់គណបក្សភ្លើងទៀននេះ ប្រៀបបាននឹង«ទះកំភ្លៀង»ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលបានញុះញង់តាមគ្រប់វិធីកុំប្រជាពលរដ្ឋទៅបោះឆ្នោត ឬទៅគូសសន្លឹកឆ្នោតចោលនៅក្នុងការបោះឆ្នោតខាងមុខ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សភ្លៀងទៀន បានបានអះអាងដូច្នេះថា៖«ថ្មីៗនេះ មានបុគ្គលមួយចំនួន បានធ្វើ សកម្ម ភាពអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ កុំឱ្យទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតចោល នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដែលនេះគឺជាទង្វើរំលោភបំពានច្បាប់ ពិសេសច្បាប់ស្ដីពីការបោះឆ្នោត»។
ជាការគត់សម្គាល់ ការចេញមកបញ្ជាក់របស់គណបក្សភ្លើងទៀននេះ គឺបន្ទាប់ពីសមាជិករបស់ខ្លួនចំនួន២នាក់បន្ថែមទៀត ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច បានចាប់ខ្លូន និងបញ្ជូនទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដោយចោទថា បានបង្កចលាចលដល់ការបោះឆ្នោត។ ពួកគេទាំង២ ត្រូវបានចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពញុះញង់ដល់ប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោត ឬទៅគូសសន្លឹក ឆ្នោតចោលតាមការណែនាំរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកពីក្រៅប្រទេស។
ចំពោះបញ្ហានេះ គណបក្សភ្លើងទៀន បានប្រកាសបដិសេធមិនជាប់ពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះទង្វើរបស់បុគ្គលទាំងឡាយណា ដែលធ្វើសកម្មភាពប្រាសចាកពីស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានា នៃព្រះរាជាណាចក្រកម្ពុជាឡើយ៕
ដោយ៖ ជម្ពូនុទ