ក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ដែលមានប្រវែងផ្លូវ៖ ១៤៨ គីឡូម៉ែត្រ និងប្រើប្រាស់ថវិកាសាងសង់ប្រមាណ៦៥,១៤ លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្រសួងសារធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹទៀតថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ប្រវែងផ្លូវ ១៤៨ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុងបានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃ ០៣ ខែមករា ឆ្នាំ២០២២ ខណៈផ្លូវនេះ គ្រោងប្រើពេលសាងសង់រយៈពេលសាងសង់ ៣២ខែ ពោលនឹងបញ្ចប់ការសាងសង់បញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។
ក្រសួងបានបន្តថា គម្រោងផ្លូវ ដែលមានតម្លៃទឹកប្រាក់គម្រោង ប្រមាណ ៦៥,១៤ លានដុល្លារអាមេរិកនេះ កឺបានសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។
បើតាមរដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ដែរថា គម្រោងផ្លូវជាតិលេខ៤៨ នេះ ក៏មានការតភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា។
លើសពីនេះ លោកថា ផ្លូវនេះ ក៏នឹងជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ហើយក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គ GMS (R10)ផងដែរ។
សូមបញ្ជាក់ដែរថា តាមរយៈផ្លូវនេះដែរ ក៏ត្រូវបានភាគីពាក់ព័ន្ធ បានចាត់ទុកផងដែរថា ផ្លូវនេះនឹងជួយជំរុញបន្ថែមសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុង ក៏ដូចជា តំបន់ទេសចរណ៍គិរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅភាគនិរតីកម្ពុជា និងជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង និងរំពឹងថានឹងរួមចំណែកក្នុងការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេស ស៊ួយ ឆេង តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសរតនា៕
អត្ថបទ៖ពិសី