អគារមជ្ឍមណ្ឌលទិន្នន័យជាតិ តម្លៃ៣០លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

អគារមជ្ឍមណ្ឌលទិន្នន័យជាតិ ដែលប្រើប្រាស់ថវិកាជាតិ​ចំនួន​ប្រមាណជិត ៣០លានដុល្លារ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលព្រឹកថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ថ្លែងក្នុង ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ការសាងសង់អគារមជ្ឍមណ្ឌលទិន្នន័យជាតិ គ្រោងនឹងប្រើពេលក្នុងសាងសង់ប្រមាណ ១ឆ្នាំកន្លះ ខណៈលោកថា ​ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិនេះ គឺជាដំណាក់កាលដ៏សំខាន់មួយ​សម្រាប់​វិស័យសាធារណៈ​ និងឯកជននៅកម្ពុជា​ ក្នុងការទាញយក​ផលប្រយោជន៍ពី​ទិន្នន័យ ​ដើម្បីជំរុញការ​អភិវឌ្ឍស្ថាប័នរបស់ខ្លួន ព្រមទាំងបង្ហាញពីការបោះជំហាន​ដ៏ធំមួយរបស់កម្ពុជា​ឆ្ពោះទៅ​បរិវត្តកម្មឌីជីថល។

លោកបានបន្តទៀតថា ​ ​មជ្ឍមណ្ឌល​ទិន្នន័យជាតិនេះដែរ គឺជាមជ្ឍមណ្ឌលមួយ ដែលជាប្រភេទល្អបំផុតនៅក្នុងតំបន់អាស៊ី ​ដែលស្របតាមស្ដង់ដារអន្ដជាតិ ​និយាយជារួម គឺលេខ១ ក្នុងចំណោមអាស៊ីផងដែរ។

គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលទិន្នន័យជាតិនេះ ​នឹងមានកម្រិតប្រព័ន្ធស្តង់ដារ៤ (Tier IV) ស្ថិតក្នុងអគារថ្មីមានកម្ពស់ ១២ជាន់ នៅពី ក្រោយអគារទីស្តីការក្រសួងប្រៃសណីយ៍បច្ចុប្បន្ន។ មជ្ឍមណ្ឌលនេះ​ នឹងក្លាយជាកន្លែងប្រមូលផ្តុំនិងរក្សាទិន្នន័យ​របស់​រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុនមក​ពីវិស័យសំខាន់ៗ ​តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាព ​និងអាចជឿទុកចិត្តបាន ​ព្រមទាំងផ្តល់អត្ថប្រយោជន៍​ដល់ស្ថាប័ន ​ដូចជា​អធិបតេយ្យ​ភាពទិន្នន័យ ​សន្សំ សំចៃ​ការចំណាយថវិកា និងពង្រឹងសមត្ថភាព​នៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀត៕