តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម នូណូ ហ្គូមេស ណាប៊ីអេម (Nuno Gomes Nabiam) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម នូណូ ហ្គូមេស ណាប៊ីអេ នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន និងចូលរួមកម្មវិធីអាហារពេលល្ងាចការងារ ដែលរៀបចំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី។ ជំនួបនេះនឹងផ្តល់ឱកាសសម្រាប់ថ្នាក់ ដឹកនាំទាំងពីរ ធ្វើការពិភាក្សាលើប្រធានបទទ្វេភាគីមួយចំនួន រៀបចំផែនការសកម្មភាពនានា សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។ ជាមួយគ្នានេះ ឯកឧត្តម នូណូ ហ្គូមេស ប៊ីអេ ក៏នឹងជួបសន្ទនាផងដែរជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃកម្ពុជា។
ឯកឧត្តម នូណូ ហ្គូមេស ណាបីអេម នឹងឆ្លៀតឱកាសនេះផងដែរ ចូលរួមសង្កេតការណ៍ដោយផ្ទាល់ការបោះឆ្នោតសកលនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងធ្វើការផ្លាស់ប្ដូរបទពិសោធន៍ស្តីពីការបោះឆ្នោត។
បើតាមក្រសួងការបរទេស ដំណើរទស្សនកិច្ចការងារជាលើកដំបូងរបស់ឯកឧត្តម នូណូ ហ្គូមេស ណាបីអេម មកកាន់កម្ពុជា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយ នៅក្នុងទំនាក់ទំនងជាមិត្តរវាងប្រទេសទាំងពីរ ព្រម ដើម្បីជាផលទាំងនឹងរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕