តារាសម្តែង សារ៉ាយ សក្ខណា លែងចង់ទៅរស់នៅ សហរដ្ឋអាមេរិក ហើយ បើទោះបីជាឪពុកម្តាយក្មេកចង់ឱ្យនាងនាំស្វាមីនិងកូនៗត្រឡប់មកវិញក្តី ។
រយៈពេល ២ ឆ្នាំចុងក្រោយនេះ សារ៉ាយ សក្ខណា នៅស្រុក ខ្មែរ ជាប់ជានិច្ច ដោយនាងត្រឡប់ទៅ អាមេរិក វិញត្រឹមតែមួយខែ គឺត្រឡប់មកវិញហើយជាមួយក្រុមគ្រួសារ មើលទៅ សារ៉ាយ សក្ខណា និងគ្រួសារ លែងទៅរស់នៅ សហរដ្ឋអាមេរិក ហើយ ទើបនាងសម្រេចចិត្តពង្រឹងអាជីវកម្ម និង ដាក់កូនៗចូលរៀន ភាសា ខ្មែរ និង អង់គ្លេស ក្នុងសាលាបរទេសក្នុងស្រុក ខ្មែរ ។
ថ្វីដ្បិតតែមិនទាន់មានគម្រោងត្រឡប់ទៅ អាមេរិក តារាសម្តែង សារ៉ាយ សក្ខណា បានបញ្ជាក់ប្រាប់ថា នាងកំពុងមមាញឹកនៅក្នុងការថតភាពយន្តខ្នាតធំមួយដែលជារឿងក្នុងក្តីស្រមៃខ្លួន រួមជាមួយនិងធ្វើការងារផ្សេងៗទៀត ដើម្បីបង្កើនប្រាក់ចំណូល ។
សារ៉ាយ សក្ខណា បានប្រាប់ថា ក្រៅពីថតរឿង ពេលនេះនាងក៏មានយីអ៊ុនល្អ តោងកាលីប កូនស្រីព្រោះថ្មីៗនេះកូនស្រីនាងជាប់រវល់ថត ស្ពត ឱ្យក្រុមហ៊ុនធំៗជាច្រើន ក្នុងមួយខែៗ កូនស្រីនាងអាចរកប្រាក់ចំណូលបានច្រើនគួរសម មិនតែប៉ុណ្ណោះស្វាមីនាងក៏បានចូល រួមថតជាមួយគ្នាផងដែរ ឆាប់ៗខាងមុខកូនស្រីរបស់នាង ក៏នឹងលេចមុខក្នុងការថតភាពយន្តដូចជារូបនាងដែរ ។
កូនស្រីតារាសម្តែង សារ៉ាយ សក្ខណា កាន់តែធំ កាន់តែស្រស់ស្អាត ហើយនាងមានដុងខាងសិល្បៈមិនចាញ់ម្តាយរបស់ខ្លួនឡើយ សូម្បីតែ សារ៉ាយ សក្ខណា ផ្ទាល់ក៏ចង់បណ្តុះបណ្តាលកូនក្នុងផ្នែកសិល្បៈផងដែរ ។ សារ៉ាយ សក្ខណា បានទទួលស្គាល់ថា កូនស្រីនាង ពិតជាមានដុងខ្លាំងខាងផ្នែកសិល្បៈ ដូច្នេះហើយបានជានាងជំរុញ និងលើកទឹកចិត្តកូនក្នុងវិស័យនេះ ប៉ុន្តែទោះជាយ៉ាងនេះក្តី នាងចង់ឱ្យកូនប្រឹងរៀន ច្រើនជាងធ្វើការ ពីព្រោះនាងនៅវ័យក្មេងណាស់ ។
សារ៉ាយ សក្ខណា នឹងបន្តនៅស្រុក ខ្មែរ យូរទៀត ប៉ុន្តែបើមានការងារសំខាន់នៅ អាមេរិក នាងនឹងហោះត្រឡប់ទៅវិញ ប៉ុន្តែមិនទៅក្នុងន័យរស់នៅរហូតនោះទេ ។ សារ៉ាយ សក្ខណា មិនចង់រស់នៅ អាមេរិក ដោយសារនៅទីនោះ នាងគ្មានមុខរបរអ្វីត្រូវធ្វើ ក្រៅពីនៅ ផ្ទះថែទាំគ្រួសារ ដោយឡែកនៅក្នុង ខ្មែរ មិនត្រឹមតែសប្បាយ ថែមទាំងមានការងារធ្វើ ដែលអាចរកប្រាក់ចំណូលបន្ថែមជួយដល់គ្រួសារ ៕