តារាសម្តែងសិចស៊ី វ៉ាន់ វល័ក្ខ វិលមកសាងកេរ្តិ៍ឈ្មោះវិញក្រោយបាត់មុខជាង ២ ឆ្នាំ 

ថ្មីៗនេះតារាសម្តែង សិចស៊ី វ៉ាន់ វល័ក្ខ បានវិលត្រឡប់មកកាន់វិស័យសម្តែងឡើងវិញហើយ ក្រោយបាត់មុខពីវិស័យនេះអស់ពេលជាង ២ ឆ្នាំ ។ 

ការបាត់មុខរបស់ វ៉ាន់​ វល័ក្ខ នាពេលកន្លងមក បានធ្វើឱ្យទស្សនិកជនជាច្រើន គិតថា តារាស្រីរូបនេះលួចរៀបការស្ងាត់ៗ និងមានកូនរួចទៅហើយ ។ 

ក្នុងចន្លោះពេលបាត់មុខពីសិល្បៈ វ៉ាន់ វល័ក្ខ មិនត្រឹមតែបានផ្លាស់ប្តូររថយន្តទំនើបថ្មីមួយដែលមានតម្លៃជាង ២០ ម៉ឺនដុល្លារប៉ុណ្ណោះទេ ថែមទាំងបានទិញវិឡាថ្មីមួយនៅក្នុងបុរីមួយកន្លែងតាមបណ្តោយផ្លូវជាតិលេខ ៦ ដែលមានតម្លៃមិនតិចជាង ៤០ ម៉ឺនដុល្លារ ។ 

អ្វីដែលប្លែកនៅក្នុងពេលនេះ គឺ វ៉ាន់ វល័ក្ខ បានប្រកាសវិលត្រឡប់មកកាន់វិស័យសម្តែងឡើងវិញហើយ ក្រោយស្ងាត់ពីអាជីពនេះជាច្រើនឆ្នាំ ជាពិសេសនាងក៏កំពុងលេចមុខនៅក្នុងការថត MV ឱ្យផលិតកម្មធំៗជាច្រើនផងដែរ ។ បន្ថែមពីនេះ វ៉ាន់ វល័ក្ខ ក៏បានបើកអាជីវកម្មរកស៊ីលក់ផលិតផលថែរក្សាសម្ផស្សដូចជាមិត្តសិល្បករមួយចំនួន ដោយបានបង្កើតយីហ៊ោលក់ផលិតផលទាំងនោះដោយ ខ្លួនឯង ។ 

វ៉ាន់ វល័ក្ខ នៅតែអះអាងថា នាងមិនទាន់មានគ្រួសារ ប៉ុន្តែការវិលត្រឡប់របស់នាងលើកនេះ គឺដោយសារនាងនៅតែស្រឡាញ់សិល្បៈ ។ 

ពេលនេះជីវភាពរបស់តារាសម្តែង វ៉ាន់ វល័ក្ខ កាន់តែធូធារ នាងមិនខ្លាចក្នុងការអស់លុយចាយដូចកាលពីមុនៗនោះទេ នាងមានទាំងរថយន្តទំនើបៗជិះជាច្រើនគ្រឿង មានផ្ទះវិឡាជាច្រើនកន្លែង ហើយថែមទាំងមានមុខរបររកស៊ីទៀត ទោះមិនប្រកបអាជីពសិល្បៈ ក៏ជីវិតនាងរស់នៅសុខស្រួលដែរ ។ តែបើតាមអ្នកស្និទ្ធជាមួយ វ៉ាន់ វល័ក្ខ បានលួចខ្សឹបប្រាប់ថា វ៉ាន់ វល័ក្ខ មកសិល្បៈវិញ គឺដើម្បីពង្រឹងការងាររកស៊ីរបស់ខ្លួនប៉ុណ្ណោះ ពីព្រោះការងារសិល្បៈអាចជួយឱ្យផលិតផលនាងកាន់តែល្បីល្បាញ ៕