ក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែកក្កដានេះ បានឲ្យដឹងពីតួលេខភ្ញៀវទេសចរប្រចាំសប្តាហ៍ (ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៣) កន្លងមក ភ្ញៀវសរុបមានចំនួន ២៩៦,០០៥នាក់ ក្នុងនោះភ្ញៀវជាតិ ២៥៩,៤៤១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ៣៦,៥៦៤នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦៦,៥៥៧នាក់ ខេត្តបាត់ដំបង ៣៥,៦៦៤នាក់ រាជធានីភ្នំពេញ ៣៣,២១១នាក់ ខេត្តកំពត ២៧,៦៧៥នាក់ ខេត្តសៀមរាប ២២,៥៣៥នាក់ ខេត្តកំពង់ស្ពឺ ១៤,២៥៣នាក់ ខេត្តពោធិ៍សាត់ ១១,២៧៧នាក់ និងខេត្តកែប ១១,០៧៦នាក់។
បើតាមក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរខាងលើ មានការកើនឡើងប្រមាណ ៣.១៥% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះភ្ញៀវជាតិ កើនឡើង ៣.៤% និងភ្ញៀវអន្តរជាតិ កើនឡើង ១.៣៦%។
តាមការសង្កេតរបស់មន្ទីរទេសចរណ៍ ភ្ញៀវទេសចរភាគច្រើនក្នុងសប្តាហ៍កន្លងមក ជាភ្ញៀវក្នុងខេត្តផ្ទាល់ ដោយសារមន្រ្តីរាជការ និងប្រជាពលរដ្ឋដែលជាថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាដែលនៅភ្នំពេញ បន្តជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតតាមមូលដ្ឋានរបស់ខ្លួន ខណៈដែលចរន្តភ្ញៀវទេសចរអន្តរជាតិដែលដើរកម្សាន្តផ្ទៃក្នុងប្រទេស នៅតែមានការកើនឡើង ស្របពេលការបោះឆ្នោតថ្នាក់ជាតិកាន់តែកៀកមកដល់៕