ប្រភពច្បាស់ការបង្ហេីបប្រាប់ថា សមត្ថកិច្ចព្រំដែនបានទទួលបទបញ្ជាមិនអនុញ្ញាតអោយ ឧកញ៉ា ហ៊ី គឹមហុង ថៅកែក្រុមហ៊ុនពិភពដីមាស ចាកចេញពីប្រទេសកម្ពុជានោះទេ ។ ការបិទច្រកព្រំដែនមិនអោយឧកញ៉ារូបនេះចាកចេញពីប្រទេសកម្ពុជា ព្រោះតែបុគ្គលនេះមានការពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋរាប់រយនាក់មានទឹកប្រាក់ជាង ១០ លានដុល្លារ ឯណោះ ។
ប្រភពពីប្រជាពលរដ្ឋលើកឡើងថា កុំរត់អី រត់ទៅណាក៏មិនរួចដែរ នៅឈរដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋតាមច្បាប់ទៅ រត់គេចខ្លួនមិនមែនជាដំណោះស្រាយល្អទេ ។ លក់ទ្រព្យសងប្រជាពលរដ្ឋវិញទេីបល្អ ។ យកលុយប្រជាពលរដ្ឋសរុបរាប់សិបលានដុល្លារ តេីយកទៅណា ? ម្ដេចមិនយកមកសងប្រជាពលរដ្ឋវិញ ?
ជុំវិញវិវាទដីធ្លីនេះ ស្នងការនគរបាលខេត្តកំពតកាលពី១៧ ខែមិថុនា បានចេញលិខិតកោះហៅលោកឧកញ៉ា ហ៊ី គីមហុង និងលោកឧកញ៉ា ចេង សង្ហាក់ អគ្គនាយកក្រុមហ៊ុនលក់ដីឡូត៍ពិភពដីមាស ឱ្យចូលខ្លួនមកស្រាយបំភ្លឺនៅស្នងការនៅថ្ងៃទី២៦ ខែមិថុនាខាងមុខ តបតាមបណ្តឹងរបស់ពលរដ្ឋពីបទ «ឆបោកមានស្ថានទម្ងន់ទោស»។
បទចោទខាងលើនេះធ្វើឡើង ក្រោយពេលស្នងការនគរបាលខេត្តកំពតទទួលបានដាក់ពាក្យប្តឹងពីពលរដ្ឋចំនួន ៣២៣បណ្តឹង និងសរុបជាទឹកប្រាក់ ដែលពលរដ្ឋបានវិនិយោគជាមួយក្រុមហ៊ុនមានចំនួនជាង៦លានដុល្លារ។ បើតាមការបញ្ជាក់ពីស្នងការខេត្តកំពត ចំពោះដាក់ពាក្យបណ្តឹងរបស់ពលរដ្ឋនាពេលនេះ គឺដោយសារ ក្រុមហ៊ុនបានរំលោភលើកិច្ចព្រមព្រៀងថា នឹងផ្តល់អត្ថប្រយោជន៍ជូនពលរដ្ឋតាមកិច្ចសន្យា(កុងត្រា)នៅពេលវិនិយោគជាមួយក្រុមហ៊ុន។
ក្រោយស្នងការចេញលិខិតកោះហៅរួច ភាគីក្រុមហ៊ុនពិភពដីមាស បានចេញសេចក្តីថ្លែងការណ៍ ចោទប្រកាន់ស្នងការខេត្តកំពតវិញថា បានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន និងនាំឱ្យមានការខាតបង់ផលប្រយោជន៍របស់អតិថិជនខ្លួន។ ក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រុមហ៊ុនក៏បានស្នើឱ្យនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួួយអន្តរាគមន៍លើបញ្ហានេះ និងព្រមទាំងពិនិត្យមើលវិជ្ជាជីវៈរបស់ស្នងការខេត្តឱ្យល្អប្រសើរឡើងវិញ។ ត្បិតក្រុមហ៊ុនទទួលស្គាល់ថា នាពេលកន្លងមក ការផ្តល់សេវារបស់ក្រុមហ៊ុនមានភាពយឺតយ៉ាវ ក៏ប៉ុន្តែក្រុមហ៊ុនអះអាងថា ខ្លួនមិនមានចេតនាគេចវៀសឡើយ៕