កញ្ញា លីវ ជីលី បានបង្ហាញនូវអារម្មណ៍ ឈឺចាប់ និងអស់សង្ឃឹមយ៉ាងខ្លាំងក្រោយបញ្ចប់ការប្រកួត Miss Supranational 2023 នៅប្រទេស ប៉ូឡូញ កាលពីពេលថ្មីៗនេះ ។
នៅមុនពេលចេញទៅប្រទេសក្នុងកម្មវិធីនេះកញ្ញា លីវ ជីលី មានការជឿជាក់ខ្លាំងលើខ្លួនឯង ដោយសង្ឃឹមថា ខ្លួនអាចនឹងចូល Top ល្អណាមួយ តែជាលទ្ធផល មិនដូចអ្វីដែលនាងគិតឡើយ ផ្ទុយទៅវិញ នាងមិនបានឈានចូលក្នុង Top ណាឡើង រហូតដល់ថ្ងៃឡើងយន្តហោះត្រឡប់មកវិញ នាងបែរជាពោលពាក្យយ៉ាងឈឺចាប់បំផុត ។ លីវ ជីលី បានរៀបរាប់នៅលើ ហ្វេសប៊ុករបស់ខ្លួនថា « ខ្ញុំយល់អំពីវិស័យបវរកញ្ញាកាន់តែច្បាស់នៅពេលនេះ អ្នកយល់លើកដៃ អ្នកឆ្ងល់អាចសួរខ្ញុំបាន ឯងខំតស៊ូចង់ងាក់ចង់រស់ ហើយនេះក៏ជាលើកចុងក្រោយផងដែរ ស្បថយាយមែន » ។
ទន្ទឹមនឹងការរៀបរាប់នៅលើ ហ្វេសប៊ុកនោះ កញ្ញា លីវ ជីលី ក៏បានបញ្ជាក់ប្រាប់ពីមូលហេតុច្បាស់ថា« សមត្ថភាពមិនឈ្នះទឹកលុយ នេះជារឿងដែលនាងឈឺចាប់បំផុត ។ កញ្ញា លីវ ជីលី ក៏ស្បថថា នឹងមិនចូលរួមប្រកួតក្នុងវិស័យបវរកញ្ញាជាថ្មីម្តងទៀតដែរ បន្ទាប់ពីបរាជ័យក្នុងការប្រកួត Miss Supranational 2023 នៅប្រទេស ប៉ូឡូញ ។
ក្រោយត្រឡប់មកពីប្រកួតវិញ កញ្ញា លីវ ជីលី នៅពុំទាន់ទទួលការងារអ្វីជាបន្តទៀតដែរ ដោយសារនាងចង់ទុកពេលវេលាសម្រាក លំហែកាយ និង រំងាប់អារម្មណ៍ផ្លូវចិត្តរបស់ខ្លួនសិន ។ ថ្វីដ្បិតតែឈឺចាប់រឿងការប្រកួត កញ្ញា លីវ ជីលី ទទួលបានការលើកទឹកចិត្តយ៉ាងក្លាពីគូស្នេហ៍របស់ខ្លួន ហើយអ្នកទាំងពីរត្រៀមនឹងដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ៗខាងមុខ ៕