ពន្ធដារ ប្រមូលចំណូលចូលជាតិបានជិត៣ពាន់លានដុល្លារ ត្រឹម៦ខែ ឆ្នាំ២០២៣

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានជិត៣ពាន់លានដុល្លារ (ប្រមាណជា ២ ០៧២.៣៩ លានដុល្លារ) ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣នេះ។នេះបើតាមការលើកឡើងរបស់ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៣ នាថ្ងៃទី១៣ ខែកក្កដា។

លោក គង់ វិបុល អគ្គនាយកពន្ធដារ បានបញ្ជាក់ថា តាមរយៈស្ថានភាពនៃចំណូលពន្ធ សម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ១៤ ៤៦៥.៣៩ ប៊ីលានរៀល (ប្រមាណជា ៣ ៥៧១.៧០លានដុល្លារ)

លោកបន្តថា៖« សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា (GDP) ត្រូវបានគេរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៥.៦% ហើយ ការប្រមូលចំណូលពន្ធដារ ត្រូវបានព្យាករថានឹងសម្រេចបានក្នុងរង្វង់ ១០៥%»។

ជាការកត់សម្គាល់លើចំណូលតាមសកម្មភាពសំខាន់ៗ មួយចំនួនមានការថយចុះ សម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៣ ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះកម្មន្តសាលភេសជ្ជៈ ឬផលិតភេសជ្ជៈ (ថយចុះ ១២.៨៩%) វិស័យអចលនវត្ថុ (ថយចុះ ៣.៨៨%) ហើយទន្ទឹមនឹងគ្នានោះ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក៏បានថយចុះប្រមាណ ២៦.៨៣%។ ចំណែកការប្រមូលបំណុលពន្ធមានការថយចុះសម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះ១៩.០៣% ធៀបនឹង រយៈពេលដូចគ្នាឆ្នាំ ២០២២។នេះបើតាមការបញ្ជាក់បន្ថែមពីលោក លោក គង់ វិបុល អគ្គនាយកពន្ធដារ។

បន្ថែមពីនេះ លោក គង់ វិបុល បានបញ្ជាក់ទៀតថា ការលទ្ធផលសម្រេចបាននេះ គឺកើតចេញ ពីការខិតខំប្រឹងប្រែងក្នុងការធ្វើកំណែ ទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីផ្តល់ភាពងាយស្រួលជូនអ្នកជាប់ពន្ធ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងការប្រកបអាជីវកម្មរបស់ខ្លួន៕

អត្ថបទ៖ ពិសី