បេក្ខភាព Miss Grand Cambodia 2023 កញ្ញា អូ ដាវី បានជួបឧបទេវហេតុមួយក្នុងអំឡុងពេលបំពេញបេសកម្មការងាររបស់ខ្លួននៅខេត្ត សៀមរាប រហូតធ្វើឱ្យនាងរបួសជើងធ្ងន់ធ្ងរត្រូវចូលពេទ្យភ្លាមៗ ។ បន្ទាប់ពីជួបរឿងអាក្រក់នេះបានធ្វើឱ្យ កញ្ញា អូ ដាវី តក់ស្លុតយ៉ាងខ្លាំង ជាពិសេសនាងខ្លាចប៉ះពាល់ដល់ការប្រកួតដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខ ។
តាមរយៈរូបភាព និង វិដេអូដែល អួ ដាវី បានបង្ហោះពីសកម្មភាពដែលនាងបានចូលពេទ្យ ដើម្បីព្យាបាលរបួសជើងនោះ បានធ្វើឱ្យមិត្តសិល្បៈក៏ដូចជាអ្នគាំទ្រជាច្រើនមានការព្រួយបារម្ភចំពោះ កញ្ញា អូ ដាវី ហើយម្នាក់ៗបានជូនពរនាងឆាប់ជា ដើម្បីឡើងឆាកជាបន្តទៀត ។
មូលហេតុដែលធ្វើឱ្យ កញ្ញា អូ ដាវី របួសជើងធ្ងន់ធ្ងរគឺដោយសារតែ ឆ្កែខាំនាងក្នុងអំឡុងពេលដែលនាងកំពុងថត រូបនៅក្នុងសណ្ឋាគារមួយនៅក្នុងខែ សៀមរាប ។ ដំបូងនាងគិតថា ឆ្កែនោះមើលទៅស្លូតទេ មិនដឹងម៉េចទេនៅសុខៗ ស្រាប់តែ ឆ្កែនោះហក់មកខាំជើងនាងដល់ទៅ ៣ ចង្កូម និងបានអូសនាងដូចនៅក្នុងរឿងកុន ធ្វើឱ្យនាង ភ័យខ្លាំង និយាយមិនចេញ ពេលឃើញជើងខ្លួនឯងសុទ្ធតែឈាម ។
នេះជាលើកទីមួយក្នុងឆាកជីវិតរបស់ អូ ដាវី ដែលជួបនូវឧបទេវហេតុអាក្រក់បែបនេះ ដោយនាងបានចាត់ទុកថា ឧបទេវហេតុនេះអាក្រក់នេះ គឺជាថ្ងៃស៊យ និងបានរំដោះគ្រោះនាងទាំងអស់ ។
ភ្លាមៗបន្ទាប់ពីត្រូវឆ្កែខាំ ៣ ចង្កូម កញ្ញា អូ ដាវី ក៏ត្រូវបានក្រុមការងារជួយជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីព្យាបាលរបួស ។ បន្ទាប់ពីឱ្យគ្រួពេទ្យព្យាបាលរបួសជើងរួច អូ ដាវី ក៏ត្រូវចូលរួមកម្មវិធីបន្តទៀតនៅក្នុងខេត្ត សៀមរាប តាមពេលវេលាដែលបានកំណត់ បើទោះបីជានាងត្រូវអង្គុយលើរទះរុញ ប៉ុន្តែនាងនៅតែបង្ហាញនូវស្នាមញញឹម និងតស៊ូបន្តការងាររបស់ខ្លួនរហូតដល់ចប់សព្វគ្រប់ ។
កញ្ញា អូ ដាវី មានការព្រួយបារម្ភជាខ្លាំងខ្លាចរបួសជើងរបស់ខ្លួនមិនអាចជាសះស្បើយទាន់ពេលវេលាប្រកួត ពីព្រោះការប្រកួតគេតម្រូវឱ្យពាក់ស្បែកជើងកែងខ្ពស់ និងដើរដោយភាពជឿជាក់ ដើម្បីទទួលបានពិន្ទុពីគណកម្មការ ។ អូ ដាវី សង្ឃឹមថា របួសខ្លននឹងជាឆាប់ៗដើម្បីមានពេលវេលាគ្រប់គ្រាន់ហាត់សម មុននឹងចូលរួបប្រកួតក្នុងវគ្គផ្សេងៗ ៕