ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣. កិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក និងវេទិកាតំបន់អាស៊ានលើកទី៣០ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងវេទិកាតំបន់អាស៊ានលើកទី៣០ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យវេទិកាតំបន់អាស៊ានពង្រឹង ការងារ និងសកម្មភាពរបស់ខ្លួនក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងប្រកបដោយស្ថិរភាព និងចេតនាល្អ និងប្រកបដោយសុឆន្ទៈរវាងប្រទេសមហាអំណាច ដើម្បីរក្សាបាននូវសន្តិភាព និងស្ថិរភាព ក្នុងតំបន់ និងទូទាំងសកលលោក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់សាជាថ្មីអំពីការ គាំទ្រយ៉ាងមុតមាំរបស់កម្ពុជាចំពោះគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងបទដ្ឋានដែលត្រូវបានទទួលស្គាល់ជាសកលពាក់ព័ន្ធនឹងការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពផ្នែកនយោបាយរបស់ប្រទេសសមាជិកអង្គការសហប្រជាជាតិ។
ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ថា កិច្ចសន្ទនា និងការងារការទូត គឺជាមធ្យោបាយដ៏ ប្រសើរបំផុតសម្រាប់ការបញ្ចប់ជម្លោះ ហើយការប្រាស្រ័យទាក់ទងគឺជាគន្លឹះក្នុងការកសាងទំនុក ចិត្ត ការជំរុញឱ្យមានការមូលមតិរួមគ្នា (promoting convergence) និងការរក្សាតុល្យភាពនៃផល ប្រយោជន៍ និងកង្វល់ផ្នែកសន្តិសុខរបស់ប្រទេសសមាជិក៕
អត្ថបទ៖ អក្ខរា