ក្រោយវះកាត់កែសម្ផស្សមុខមាត់ថ្មីអស់ពេលជាងកន្លះឆ្នាំ ពេលនេះរបួសរបស់តារាសម្តែងប្រុស ខួច បានជាសះស្បើយមួយរយភាគរយហើយ លោកពិតជាពេញចិត្តខ្លាំងជាមួយមុខមាត់ថ្មីបែបកូនកាត់ បារាំង នេះខ្លាំងណាស់ ។ តែនៅពីក្រោយនៃការវះកាត់កែមុខមាត់ថ្មីនេះ ត្រូវបានប្រុស ខួច បង្ហើបប្រាប់ពីរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ។
ទស្សនិកជនជាច្រើននៅពេលដែលឃើញតារាសម្តែងរូបសង្ហារ ប្រុស ខួច រត់ទៅកែសម្ផស្ស នោះ ម្នាក់ៗបានសម្តែងនូវការសោកស្តាយជាខ្លាំង ដោយម្នាក់ៗបាននិយាយថា មុខមាត់ពីធម្មជាតិរបស់ប្រុស ខួច ស្អាត ជាងមុខមាត់ថ្មី ។ នាពេលនោះ ប្រុស ខួច មិនបានតបតអ្វីទៅកាន់អ្នកគាំទ្រឡើយ លោកបានត្រឹមតែនិយាយថា លោកស្រឡាញ់ និង ពេញចិត្តធ្វើនូវអ្វីដែលខ្លួនចង់ធ្វើ ។
ដោយឡែកថ្មីៗនេះ ប្រុស ខួច បានបង្ហាញមុខមាត់ថ្មីរបស់ខ្លួន បន្ទាប់កែសម្ផស្សអស់ពេលជាងកន្លះឆ្នាំ ពេលនេះរបួសលោកបានជាមួយរយភាគរយហើយ ហើយថែមទាំងបានស្អាតដូចអ្វីដែលខ្លួនប៉ងប្រាថ្នា ។ ជាមួយគ្នានោះផងដែរប្រុស ខួច បានរៀបរាប់ថា « តាមពិតមុខរបស់ខ្ញុំមានបញ្ហាដោយសារ ចាក់ Filler Free ទើបសម្រេចចិត្តទៅព្យាបាល និង កែប្រែទម្រង់មុខមាត់ថ្មី ឥឡូវខ្ញុំពិតជាពេញចិត្តបំផុតជាមួយការវះកាត់ប្រកបដោយបច្ចេក » ។
កន្លងមកប្រុស ខួច មិនដែលនិយាយពីរឿងមុខខ្លួនមានបញ្ហាដោយសារការចាក់ Filler ឡើយ ដូច្នេះហើយទើបធ្វើឱ្យទស្សនិកជនជាច្រើនមានការយល់ច្រឡំ ។ ប្រុស ខួច បានបន្ថែមថា ប្រសិនបើខ្លួនមិនមានបញ្ហា ក៏មិនរត់ទៅកែសម្ផស្សដែរ ។
គួររំលឹកផងដែរថា ប្រុស ខួច បានចំណាយប្រាក់ផ្ទាល់ខ្លួនខ្ទង់ ៦ ម៉ឺនដុល្លារ ដើម្បីវះកាត់កែ និងផ្លាស់ប្តូរមុខមាត់ថ្មី ក្នុងនោះចន្លោះពេលកែសម្ផស្សនោះ ប្រុស ខួច បានផ្អាកពីការងារសិល្បៈទាំងស្រុងដើម្បីថែទាំមុខមាត់ខ្លួន ។ ពេលនេះមុខមាត់ ប្រុស ខួច បានជា សះ ស្បើយ និង កាន់តែស្រស់សង្ហារជាងមុន ដែលធ្វើឱ្យបណ្តាផលិតកម្មជាច្រើន ហៅលោកថតជាបន្តបន្ទាប់ លោកថា ពេលនេះសុំសម្រុកពេលធ្វើការ សន្សំលុយមកវិញហើយ ពីព្រោះដេកចាយលុយចាស់យូរគូសម បើមិនប្រឹងទេ គឺច្បាស់ជាមិនរស់ទេ ៕