ជំនួយបន្ថែមពីអង្គការណាតូសម្រាប់ប្រទេសអ៊ុយក្រែន កំពុងតែធ្វើឲ្យហានិភ័យនៃការកើតមានសង្គ្រាមលោកលោកទី ៣ កាន់តែខ្លាំងឡើង។ នេះបើតាមការព្រមានពីអតីតប្រធានាធិបតីរុស្ស៊ី Dmitry Medvedev។
ដោយឡែកបើតាមការចុះផ្សាយពីគេហទំព័រ Aljazeera បានបង្ហាញថា ក្រោយបិទបញ្ចប់កិច្ចប្រជុំណាតូកាលពីថ្ងៃអង្គារ អនុលេខាក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីខាងលើបានសង្កត់ធ្ងន់ថា ការសន្យាផ្ដល់ជំនួយសព្វាវុធពីលោកខាងលិចទៅឲ្យអ៊ុយក្រែន មិនបានធ្វើឲ្យរុស្ស៊ីញញើតឡើយ ផ្ទុយទៅវិញ វាប្រៀបដូចជាយកសាំងមកចាក់លើភ្លើង ហើយរដ្ឋាភិបាលក្រុងមូស្គូមិនមានបំណងបញ្ចប់សង្គ្រាមនេះឆាប់ៗឡើយ។
លោក Medvedev បាននិយាយថា៖ លោកខាងលិចគ្មានមធ្យោបាយអ្វីផ្សេង ក្រៅពីធ្វើរឿងអត់ប្រយោជន៍ ហើយវានឹងធ្វើឲ្យបញ្ហាកាន់តែធំទៅៗ។ សង្គ្រាមលោកលើកទី៣ កំពុងខិតកាន់តែកៀកមែនទែនហើយ។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក៏បានបញ្ជាក់ដែរថា សង្គ្រាមនៅអ៊ុយក្រែននឹងមិនបញ្ចប់ឡើយ ដរាបណាលោកខាងលិចព្យាយាមប្រើប្រាស់អ៊ុយក្រែន ដើម្បីបង្កបញ្ហា និងព្យាយាមកំទេចរុស្ស៊ី៕