អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ឈ្មោះ ជា ដូ ភេទប្រុស កើតថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០០ បានប្រើគណនីហ្វេសប៊ុករបស់ខ្លួន ជានរៈ សាវង្ស ដែលមាន ID៖១០០០៩១៣៣៣៥១៤៩០៧ ចែករំលែក (Share) ព័ត៌មានមួយលើបណ្តាញសង្គមហ្វេសប៊ុក (facebook) ដោយបានសរសេរសំណេរ ដែលមាន ខ្លឹមសារថាៈ “ខ្ញុំសុំដាក់សំនួរទៅខាងមេធាវីដើមបណ្តឹងថា តើលោកមានវិជ្ជាជីវៈជាមេធាវីទេ មុននឹងធ្វើជាមេធាវីការពារក្តីឲ្យដើមបណ្តឹង លោកបានដឹងទេថា សំណុំរឿងនឹងវាយ៉ាងម៉េចទ សូម លោកមេធាវីធ្វើការ ដោយតម្លៃជាមេធាវីផង យើងជានរៈ សាវង្ស ព្រះរាជអាជ្ញាអមតុលាការ កំពូលក្រុងភ្នំពេញ” ដោយប្រើឋានៈក្លែងធ្វើឲ្យប៉ះពាល់ដល់ ស្ថាប័នមហាអយ្យការអមតុលាការកំពូល លុះដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ក៏ត្រូវសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាឃាត់ខ្លួនឈ្មោះ ជា ដូ យកមកសាកសួរ និងចាត់ការតាមនីតិវិធី។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពេលទទួលបានសំណុំរឿងខាងលើពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទ តំណាងអយ្យការបានធ្វើការស្តាប់ចម្លើយជនសង្ស័យឈ្មោះ ជា ដូ រួចរាល់ហើយ ជនសង្ស័យ បានសារភាពទទួលស្គាល់កំហុស និងសុខចិត្តសុំទោសជាសាធារណៈ ។
ក្រោយពីបានបញ្ចប់កិច្ចស៊ើបអង្កេត តំណាងអយ្យការបានសម្រេចអនុញ្ញាតឲ្យឈ្មោះ ជា ដូ ត្រឡប់ទៅវិញ ដោយសារតែសកម្មភាពប្រព្រឹត្តរបស់ជនសង្ស័យមិនទាន់បានបង្កើតជាអត្ថិភាពនៃបទល្មើសនៅឡើយបើផ្អែកតាមភស្តុតាង និងការពិនិត្យសំណុំរឿងរបស់តំណាងអយ្យការ៕