កម្ពុជា រកវិធីសាស្រ្ត និងបច្ចេកទេសកែលម្អសារមន្ទីរឲ្យក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរមកទស្សនា

នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី «ការរៀបចំ និងការកែលម្អសារមន្ទីរឱ្យក្លាយជាកន្លែងទាក់ទាញគួរឱ្យចង់ទស្សនា» រយៈពេល៤ខែ ចាប់ពីខែកក្កដារហូតដល់ខែតុលា ឆ្នាំ២០២៣ ជូនដល់មន្ត្រីមកពីស្ថាប័នពាក់ព័ន្ធស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន២៥នាក់ ក្នុងនោះរួមមានមន្ត្រី និងបុគ្គលិកអាជ្ញាធរជាតិអប្សរា ចំនួន២១នាក់ មន្ត្រីសារមន្ទីរ Eco-Global អាជ្ញាធរជាតិព្រះវិហារ ចំនួន០១នាក់ មន្ត្រីអាជ្ញាធរជាតិសំបូរព្រៃគុក ចំនួន០១នាក់ មន្ត្រីសារមនី្ទរជាតិកម្ពុជា ចំនួន០១នាក់ និងមន្ត្រីសារមន្ទីរប្រល័យពូជសាស្ត្រទួលស្លែង ចំនួន០១នាក់។

លោកជំទាវ ចៅ ស៊ុនកិរិយា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមបើកសិក្ខាសាលា មានប្រសាសន៍ថា សិក្ខាសាលានេះពិតជាមានសារសំខាន់ណាស់ ក្នុងការរៀបចំ និងការកែលម្អសារមន្ទីរឱ្យក្លាយជាកន្លែងទាក់ទាញគួរឱ្យចង់ទស្សនា គឺត្រូវទាមទារឱ្យមានភាពជំនាញ ក៏ដូចជា ចំណេះធ្វើច្បាស់លាស់ ហើយអ្វីដែលសំខាន់នោះ គឺអ្នកដែលអនុវត្តផ្ទាល់។ ដូច្នេះហើយ គោលបំណងថ្ងៃនេះ ដែលនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បណ្តុះបណ្តាលជំនាញបន្ថែមដើម្បីឱ្យចំណេះជំនាញទាំងអស់នោះត្រូវបានបន្ត ត្រូវបានចែករំលែកជាគុណតម្លៃសម្រាប់ខ្លួនយើងដែលជាអ្នកអនុវត្ត យើងមានសេចក្ដីរីករាយ មានមោទកភាពចំពោះខ្លួនយើង និងស្ថាប័ន។

លោក ប៉ែន ចំរ៉ុង អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ មានប្រសាសន៍ថា វគ្គសិក្ខាសាលានេះ ជាជំនួយក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយអង្គការយូណេស្កូ និងតាមរយៈគណៈកម្មការជាតិយូណេស្កូកម្ពុជា។ ក្នុងគោលបំណងសិក្ខាសាលា ដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាពដល់មន្ត្រីដែលបម្រើការនៅសារមន្ទីរក្នុងការរៀបចំធ្វើយ៉ាងណាបន្ថែមក្នុងការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាសារមន្ទីរ។

លោកបន្តទៀតថា សិក្ខាសាលានេះបានផ្តោតទៅលើខ្លឹមសារចំណុចរួមមាន ការណែនាំអំពីតួនាទី គោលបំណង និងការគ្រប់គ្រងសារមន្ទីរ វិធីសាស្រ្ត និងបច្ចេកទេសអំពីការរៀបចំ និងការតាំងពិព័រណ៌សារមន្ទីរ វិធីសាស្រ្ត និងបច្ចេកទេសនៃគោលនយោបាយគ្រប់គ្រងសមុច្ច័យ ការធ្វើទីផ្សារ ការផ្សព្វផ្សាយ និងការរចនាក្រាហ្វិកសម្រាប់ការផ្សាយពាណិជ្ជកម្ម៕