ប្រធានាធិបតីអ៊ូសបេគីស្ថាន លោក Shavkat Mirziyoyev ទទួលបានសម្លេងគាំទ្ររហូតដល់ ៨៧,១% និងជាប់ឆ្នោតអាណត្តិថ្មី ជាមេដឹកនាំនៃប្រទេសដែលមានប្រជាជនច្រើនបំផុត ប្រចាំតំបន់អាស៊ីកណ្ដាល។
យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា ប្រធានាធិបតី Mirziyoyev បានហៅការបោះឆ្នោតភ្លាមៗ បន្ទាប់ពីមានការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញ ដែលកំណត់រយៈពេលនៃការកាន់អំណាចពីរយៈពេល ៥ឆ្នាំ ដល់ ៧ឆ្នាំ។
ប្រភពដដែលបន្ថែមថា ប្រធានាធិបតីវ័យ ៦៥ឆ្នាំ បានកែប្រែប្រទេសដែលមានប្រជាជន ៣៥លាននាក់ ដោយពង្រីកឲ្យមានការធ្វើពាណិជ្ជកម្ម និងការវិនិយោគបរទេស ក៏ដូចជាបន្ធូរបន្ថយការរឹតត្បិត លើសេរីភាពខាងសាសនា និងនយោបាយ បើទោះបីជាមិនមានក្រុមប្រឆាំង ឬអ្នកនយោបាយខ្លាំងនៅក្នុងប្រទេសអ៊ូសបេគីស្ថានក៏ដោយ។
សូមជម្រាបដែរថា តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ប្រធានាធិបតីរូបនេះបានបន្តរក្សាទំនាក់ទំនងយ៉ាងល្អ ទាំងជាមួយរុស្ស៊ី អ៊ុយក្រែន និងលោកខាងលិចថែមទៀត៕