សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងបំពេញបន្ថែមដល់គំនិតផ្តួចផ្តើមនានា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងក្របខណ្ឌទ្វេភាគី កម្ពុជា-ចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់កម្រិតកំពូលក្លាយជា «កិច្ចសហប្រតិបត្តិការត្បួងពេជ្រ» និងបានដាក់ចេញនូវ «សេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី (២០២៤-២០២៨)»។ សម្តេចជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ នឹងបំពេញបន្ថែមដល់គំនិតផ្តួចផ្តើមនានា សម្រាប់ការអភិវឌ្ឍសកលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ប្រសាសន៍របស់សម្តេចតេជោ ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី១ នៃវេទិកាស្តីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួមនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងសុន្ទរកថាសម្តេចតេជោ បានបង្ហាញការគាំទ្រចំពោះការជំរុញសមាហរណកម្មតំបន់ និងការបន្តលើកស្ទួយពហុភាគីនិយម និងការដាក់ចេញនូវ «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល» ដែលដាក់ចេញដោយប្រធានាធិបតីចិន ស៊ី ជីនពីង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ កំពុងក្លាយជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់គាំទ្រដល់បណ្តាប្រទេសដែលកំពុងអភិវឌ្ឍក្នុងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ៕

អត្ថបទ៖ អក្ខរា