យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ាណែត បានបង្ហោះនៅថ្ងៃទី៩ កក្កដា ២០២៣ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
បទពិសោធន៍មួយពីការហ្វឹកហ្វឺនយោធា ដែលអាចយកមកអនុវត្តនៅក្នុងការងារផ្សេងៗក្នុងជីវិត
មានមិត្តមួយចំនួនបានប្រាប់ខ្ញុំថា កាន់តែជិតដល់បោះឆ្នោត មានមនុស្សមួយក្រុមបានព្យាយាមកាន់តែសកម្មក្នុងការបង្កើតនិងប្រឌិតរឿងប្លែកៗ ដើម្បីធ្វើការវាយប្រហារលើរូបខ្ញុំ ក្នុងគោលបំណងបង្អាក់ដំណើររបស់ខ្ញុំមិនអោយទៅមុខ រហូតដល់មានអ្នកខ្លះរៀបចំជាផែនការទប់ស្កាត់ជាចំហរ
បញ្ហានេះនាំអោយខ្ញុំនឹកឃើញដល់ការហ្វឹកហ្វឺនមួយកាលពីខ្ញុំនៅជាសក្ខាកាមនិស្សិតនាយទាហាននៅសហរដ្ឋអាមេរិក គឺការហ្វឹកហ្វឺនឆ្លងកាត់ឧបសគ្គ ដែលតម្រូវអោយសិក្ខាកាមម្នាក់ៗដើរទៅរកគោលដៅមួយ ដោយដើរលើបង្គោលដែកដែលមានរយៈកំពស់ខ្ពស់មធ្យមពីលើផ្ទៃទឹក (ដូចក្នុងរូបថតភ្ចាប់ជាមួយ) ។
- សម្រាប់ឧបសគ្គនេះ បញ្ហាប្រឈមមានពីរគឺ៖ កត្តាទីលាននិងឧបសគ្គ និងកត្តាមនុស្ស។
- កត្តាទីលាននិងឧបសគ្គ៖ ១) បញ្ហាកំពស់ – ដោយឧបសគ្គនោះមានកំពស់ខ្ពស់មធ្យម ដែលអាចអោយសិក្ខាកាមខ្លះដែលខ្លាចទីខ្ពស់មានអារម្មណ៍ភិតភ័យមិនហ៊ានដើរឆ្លងកាត់ និង ២) បញ្ហាលំនឹង – បង្គោលដែកដែលធ្វើជាស្ពានសម្រាប់សិក្ខាកាមដើរឆ្លងនោះមិនមានលំនឹងល្អទេ។ ពេលដែលសិក្ខាកាមដើរឆ្លងកាត់លើវាគឺវាចាប់ផ្តើមញ័រ ហើយបើការដើរនោះមានការយឺតយ៉ាវ (មិនលះ) ឬសិក្ខាកាមមានអារម្មណ៍ភ័យញ័រខ្លួននោះ នឹងធ្វើអោយបង្គោលដែកនោះញ័រកាន់តែខ្លាំងដែលបង្កជាឧបសគ្គកាន់តែខ្លាំងសម្រាប់ការដើរទៅមុខទៀត។
- កត្តាមនុស្ស – បន្ថែមពីលើកត្តាទីលាននិងឧបសគ្គ ក៏មានបញ្ហាដែលបង្កើតដោយមនុស្សទៀត ពោលគឺក្រុមគ្រូ អាចស្រែកដាក់ទៅសិក្ខាកាមក្នុងគោលបំណងអោយសិក្ខាដែលកំពុងដើរលើបង្គោលបែកអារម្មណ៍ ឬក៏អាចពេលខ្លះក្រុមគ្រូលោតតន្រ្តំធ្វើយ៉ាងណាអោយបង្គោលដែកដែលសិក្ខាកាមត្រូវដើរឆ្លងកាន់តែញ័រខ្លាំង ដែលក្លាយជាឧបសគ្គកាន់តែខ្លាំងសម្រាប់សិក្ខាកាមឆ្លងកាត់
- ដើម្បីជោគជ័យ សិក្ខាកាមត្រូវ៖
១- ផ្តោតអារម្មណ៍ទៅលើគោលដៅដែលយើងត្រូវទៅ តាំងចិត្តអោយរឹងមាំនិងប្រមូលផ្តុំអារម្មណ៍អោយមូល ហើយដើរទៅមុខឆ្ពោះទៅរកគោលដៅនោះ ប្រកបដោយភាពជឿជាក់លើខ្លួនយើង និងកុំអោយមានភាពស្ទាក់ស្ទើរ ឬភ័យខ្លាចណាមួយ ទោះជាបង្គោលដែកនោះមានកម្ពស់ខ្ពស់ និងមិនមានលំនឹងល្អក៏ដោយ — ពោលគឺត្រូវដាក់ការសម្រេចគោលដៅជាធំ ជាជាងផ្តោតអារម្មណ៍ទៅលើបញ្ហាប្រឈមនានាដែលអាចបង្កជាឧបសគ្គក្នុងការដើរទៅមុខរបស់យើង។
២- កុំខ្វល់ពីក្រុមគ្រូ(ក្រុមមនុស្ស)ដែលខិតខំប្រឹងព្យាយាមបំបែកអារម្មណ៍យើងតាមរយៈការប្រើពាក្យសម្តីស្រែកដាក់យើង ឬខំប្រឹងលោតតន្រ្តំអោយបង្គោលដែកកាន់តែញ័រក្នុងគោលបំណងបង្កើតជាឧបសគ្គមិនអោយយើងដើរដល់គោលដៅរបស់យើងដោយជោគជ័យ។
សរុបសេចក្តីមកអ្វីៗគឺស្ថិតនៅលើខ្លួនយើង… យើងខ្លួនឯងតែម្នាក់គត់ដែលជាកត្តាកំណត់នៃជោគជ័យរបស់យើង។ ដើរដល់គោលដៅឬមិនដល់គោលដៅ គឺជាកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់យើងខ្លួនឯង មិនមែនអាស្រ័យធំទៅលើកត្តាបរិស្ថានជុំវិញ ដូចជាទីលាននិងឧបសគ្គ ឬកត្តាមនុស្សផ្សេងដូចជាក្រុមគ្រូនោះទេ។
ជាពិសេសកុំចាំបាច់ផ្តោតអារម្មណ៍ ឬអោយតម្លៃទៅលើអ្នកដែលព្យាយាមរារាំងមិនអោយយើងដើរដល់គោលដៅរបស់យើងធ្វើអ្វី ព្រោះពេលយើងដើរដល់គោលដៅរបស់យើងដោយជោគជ័យ អ្នកទាំងនោះនឹងបរាជ័យដោយស្វ័យប្រវត្តិ៕