ទើបតែចេញបទចម្រៀងបែបមនោរសញ្ចេតនា ខូចចិត្ត មិនបានប៉ុន្មានផង ពេលនេះតារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា បានចេញ MV ចម្រៀងថ្មីមួយទៀតកាលពីប៉ុន្មានថ្ងៃនេះដែលមានចំណងជើងថា « ជីវិតត្រូវការអ្វីខ្លះ ? » ដើម្បីតម្រូវចិត្តអ្នកគាំទ្រ តែមកម្តងនេះ កញ្ញា តន់ ចន្ទសីម៉ា ពិតជាធ្វើឱ្យអ្នក គាំទ្រចាប់អារម្មណ៍ខ្លាំងជាពេលមុនៗទៅទៀត ជាមួយនិងអត្ថន័យនៃបទចម្រៀង ក៏ដូចជាការសម្តែងរបស់នាងនៅក្នុងបទចម្រៀងមួយនេះ ។
ជាមួយនិងការចេញ MV ចម្រៀង « ជីវិតត្រូវការអ្វីខ្លះ ? » កញ្ញា តន់ ចន្ទសីម៉ា បាននិយាយថា « សូមពុកម៉ែបងប្អូន អ្នកគាំទ្រ ជួយផ្តល់ជាមតិយោបល់ ដើម្បីខ្ញុំអាចកែតម្រូវវីដេអូចម្រៀងបន្ទាប់របស់ខ្ញុំអោយបានល្អផង? សូមអរគុណចំពោះការគាំទ្រ នាងខ្ញុំ តន់ ចន្ទសីម៉ា I love you បងប្អូនទាំងអស់គ្នា » ។
ក្រៅពីនេះ អ្នកគាំទ្រជាច្រើនបានសម្តែងការគាំទ្រជាខ្លាំងនូវបទចម្រៀង « ជីវិតត្រូវការអ្វីខ្លះ ? » ពីព្រោះបទចម្រៀងមួយបទនេះ មិនត្រឹមតែពិរោះ និងមានអត្ថន័យប៉ុណ្ណោះទេ ថែមទាំងចាក់ចំបេះដូងអ្នកស្តាប់មួយចំនួនធំផងដែរ ជាពិសេសការសម្តែងរបស់កញ្ញា តន់ ចន្ទសីម៉ា ក្នុង MV ចម្រៀងនេះ ពិតជាប្លែក និងគួរឱ្យចាប់អារម្មណ៍ ជាក់ស្តែងនាងបានដាក់មនោរសញ្ចេតនាក្នុងបទចម្រៀងនេះបានយ៉ាងល្អ មិនចាញ់បទចម្រៀងមុនៗរបស់នាងឡើយ ។
មួយរយៈពេលចុងក្រោយនេះកញ្ញា តន់ ចន្ទសីម៉ា កំពុងមមាញឹកខ្លាំងនៅក្នុងការចេញសម្តែងតាមការប្រគំតន្រ្តីធំៗជាច្រើន ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រខ្លួន ។
គួរបញ្ជាក់ថា « ជីវិតត្រូវការអ្វីខ្លះ ? » គឺជាស្នាដៃថ្មីមួយទៀតរបស់អ្នកនិពន្ធ Melody និង ទំនុកច្រៀងដោយ យ៉ង់ ចន្ទនីតា និងនិពន្ធបទភ្លេងដោយ ខាន់ ចូវយី ដែលអ្នកទាំងពីរមានឈ្មោះល្បីល្បាញក្នុងការធ្វើបទចម្រៀងថ្មីៗជាច្រើនក្នុងផលិតកម្ម Galaxy Navatra ។ តោះស្តាប់បទចម្រៀង « ជីវិតត្រូវការអ្វីខ្លះ ? » ពីកញ្ញា តន់ ចន្ទសីម៉ា ទាំងអស់គ្នា ថា តើកញ្ញា តន់ ចន្ទសីម៉ា មកក្នុងបទចម្រៀង មនោរសញ្ចេតនាលើកនេះ មានអ្វីដែលប្លែក និងគួរឱ្យចាប់អារម្មណ៍ខ្លះ ? ជាពិសេសបទចម្រៀងនេះ ត្រូវនឹងសាច់រឿងនរណាខ្លះ អាចចូលរួមខមមិនទាំងអស់គ្នាបាន ៕