សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ ប្រធានាធិបតីអ៊ុយក្រែនកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមប្រយុទ្ធជាមួយរុស្ស៊ី ព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង។ ការអំពាវនាវរបស់សម្តេចតេជោ ដូចនេះ បានធ្វើឡើង បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះមានការផ្សាយព័ត៌មានយ៉ាងច្រើនថាសហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។
ក្នងបណ្តាញទំនាក់ទំនងតេឡេក្រាម(Telegram)នៅថ្ងៃនេះ សម្តេចតេជោ បានសរសេរថា៖ “ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូចហើយទន់ខ្សោយសម្លេងគ្មានទម្ងន់ តែដោយក្តីអាណិតប្រជាជនអ៊ុយក្រែន ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះ ព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង។ “
សម្តេចតេជោ បន្តថា ប្រសិនបើសហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី ជាការពិតមែន នោះវានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែន រាប់សិបឆ្នាំឬដល់រយឆ្នាំទៀតផងប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។ ដោយសម្តេចបានសង្កត់ធ្ងន់ថា បទពិសោធន៍ឈឺចាប់របស់កម្ពុជាដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពីអាមេរិកនាដើមទស្សវត្តរ៍១៩៧០មកដល់ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ ។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានធ្លាប់បានបង្ហាញថា ចំនួនតួលេខនៃកូនគ្រាប់បែកចង្កោមមានចន្លោះពី ២៦ លាន ទៅ ៣០ លានគ្រាប់ត្រូវបានប្រើប្រាស់លើទឹកដីកម្ពុជានៅសម័យសង្គ្រាម ៕
អត្ថបទ៖ ពុទ្ធិកា