ខ្លឹម ស្រីគា ធ្លាប់ជាកញ្ញាឯកលំដាប់ប្រទេសដែលមានសម្រស់ស្រស់ស្អាត និងមានរាងស្លីម នរណាៗក៏ចាប់អារម្មណ៍ដែរ តែចាប់តាំងពីប្រកួតក្នុងវិស័យបវរកញ្ញាចប់ បានធ្វើឱ្យ ខ្លឹម ស្រីគា ឡើងគីឡូខ្លាំងខុសប្រក្រតី រហូតធ្វើឱ្យនាងបាត់បងទីផ្សារ បានត្រឹមតែជាតួរងប៉ុណ្ណោះ ប៉ុន្តែចុងក្រោយនេះ ខ្លឹម ស្រីគា បានខំប្រឹងសម្រកគីឡូបានរាងស្អាត ដើម្បីទទួលបានទីផ្សារការងារក្នុងសិល្បៈមកវិញ ។
ខ្លឹម ស្រីគា គឺជាអតីត Miss Grand Cambodia 2017 ពេលនោះកេរ្តិ៍ឈ្មោះរបស់នាងល្បីល្បាញខ្លាំងទាំងក្នុងនិងក្រៅប្រទេស ហើយនាងទទួលបានតំណែងធំៗជាច្រើន ទាំងតំណែងតួឯកស្រី និង ការថតផ្សាយពាណិជ្ជកម្មធំៗជាច្រើន ជាពិសេសពេលមានកម្មវិធីបង្ហាញម៉ូដធំៗម្តងៗនាងតែងតែចូលរួមមិនដែលខាន ។ ដោយឡែកប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែធ្វើឱ្យ ខ្លឹម ស្រីគា ធាត់បែកសាច់ ឡើងគីឡូប្លែក ប្រៀបដូចជាអ្នករៀបការមានកូនរួចអីចឹង សូម្បីតែមិត្តសិល្បករក៏មានការភ្ញាក់ផ្អើលផងដែរ ហើយពេលនោះនាងក៏មិនហ៊ានចូលរួមកម្មវិធីជួបជុំមិត្តភក្តិដែរ ។
ថ្វីដ្បិតតែ ខ្លឹម ស្រីគា ធាត់ឡើងគីឡូខ្លាំង ប៉ុន្មាននិយាពីសម្រស់វិញ នាងអាចរក្សាសម្រស់ឱ្យនៅស្រស់ស្អាត មិនចាញ់កាលពីក្មេងឡើយ ។ ជួបជាមួយ ខ្លឹម ស្រីគា កាលពីពេលថ្មីៗនេះ យើងចាប់អារម្មណ៍ ឃើញថា ខ្លឹម ស្រីគា ស្រកគីឡូជាងមុនច្រើន ដែលជាហេតុធ្វើឱ្យនាងចាប់ផ្តើមវិលត្រឡប់មកសាងស្នាដៃក្នុងវិស័យសម្តែងឡើងវិញ ជាក់ស្តែងថ្មីៗនេះនាងលេចមុខក្នុងរឿងភាគជាច្រើន ។
ខ្លឹម ស្រីគា បានទទួលស្គាល់ថា ពេលឡើងគីឡូខ្លាំងនាងបានបាត់បង់ទីផ្សារការងារសិល្បៈច្រើន នាពេលនោះនាងក៏មិនក្លាហ៊ានក្នុងការទទួលថតរឿងដែរ ពីព្រោះមានអារម្មណ៍ថាខ្មាស់គេ ប៉ុន្តែក្រោយពីខំប្រឹងសម្រកទម្ងន់មួយរយៈពេលមក ឃើញថាខ្លួនឯងស្រកគីឡូច្រើន ទើបដាច់ចិត្តទទួលការងារសិល្បៈវិញ មិនថាពេលនេះនាងស្ថិតក្នុងតំណែងជាតួអង្គអ្វីទេ នាងមិនប្រកាន់ខ្លួនឡើយ ពីព្រោះវាជាការងារ ។
ខ្លឹម ស្រីគា ខំប្រឹងប្រែងសម្រកគីឡូតាមធម្មជាតិផង និងតាមបច្ចេកទេសថ្មីផង ប៉ុន្តែលទ្ធផលដែលទទួលបានគឺមិនលឿនដូចអ្វីដែលនាងចង់បានឡើយ នាងនៅតែមានសាច់ទ្រលុកទ្រលន់មិនទាន់ស្លីមដូចមុន ។ ទោះបីជាមិនទាន់ទទួលបានលទ្ធផលល្អក្នុងការសម្រកគីឡូក្តី តែ ខ្លឹម ស្រីគា មិនបោះបង់ក្តី ស្រមៃខ្លួនចោលឡើយ នាងសង្ឃឹមថា ខ្លួននឹងស្រកគីឡូតាមបំណងប្រាថ្នាក្នុងពេលឆាប់ៗ ពីព្រោះនាងមានគោលបំណងធំៗជាច្រើនត្រូវធ្វើ បន្ទាប់ពីគីឡូរបស់ខ្លួនវិលត្រឡប់មកដូចដើមវិញ ៕