ព្រះរាជពិធីរុក្ខទិវា ៩កក្កដា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិអូរកាឌុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០២៣។
សូមជម្រាបថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី០៩ ខែកក្កដា គឺជាទិវាដ៏មហានក្ខត្តឬក្សវិសេសវិសាលដែលព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធឡើងនូវពិធី «រុក្ខទិវា» (ព្រះរាជពិធីដាំកូនឈើ) ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ពិធីបុណ្យ « រុក្ខទិវា » គឺជាចលនាបំផុសបំផុលការដាំដុះដើមឈើដ៏ធំមួយ និងជាប្រពៃណីដ៏ល្អផូរផង់ឧត្តុង្គឧត្តមនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលចលនានេះចាប់មានតាំងពី « សម័យសង្គមរាស្រ្តនិយម » ក្រោមព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើម និងដឹកនាំដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាកសិកម្មជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ពិធីនេះបានចាប់កកើតតាំងពីទសវត្ស៣០ មកម៉្លេះ ដោយមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងបានក្លាយទៅជាសកម្មភាពយ៉ាងធំទូលំទូលាយ ក្នុងចលនាទិវាពលកម្មដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយហៅថា «ពិធីរុក្ខទិវា» ដែលបានកំណត់ដោយព្រះរាជកិច្ច លេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។
ម្យ៉ាងទៀតបច្ចុប្បន្ន « រុក្ខទិវា » ត្រូវបានទទួលស្គាល់ជាផ្លូវការដោយមានចែងក្នុងច្បាប់ស្ដីពីព្រៃឈើ នាឆ្នាំ២០០២ ជំពូកទី១២ មាត្រាទី៦០ បានចែងថា៖ ដើម្បីជម្រុញការអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីសារសំខាន់និងផលប្រយោជន៍ព្រៃឈើ ទិវាពលកម្មដាំកូនឈើ ជាប្រពៃណីជាតិហៅថា «រុក្ខទិវា» ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាង៕
អត្ថបទ៖ អក្ខរា