ក្លិបប្រដាល់គុនខ្មែរ កាឡាក់ស៊ី ណារ៉ាត្រា អេភូថង បានកំណត់គោលដៅច្បាស់លាស់ និងមានទស្សនវិស័យយ៉ាងវែងឆ្ងាយ ដោយកំណត់គោលដៅធ្វើយ៉ាងណាពង្រីកវិសាលភាពនៃក្បាច់គុនបុរាណដូនតាខ្មែរ ឆ្ពោះទៅកម្រិតស្តង់ដារអន្តរជាតិ និងឲ្យពិភពលោកស្គាល់កាន់តែច្បាស់។ នេះជាការលើកឡើងរបស់លោកឧកញ៉ា ឡេង ប្រុស ដែលជាតំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅក្នុងកម្មវិធីប្រកាសបើកសម្ពោធសង្វៀនប្រដាល់ថ្នាល និងសង្វៀនកម្រិតអន្តរជាតិកាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នៅក្រោយផ្សារព្រៃទទឹងតាមបណ្ដោយផ្លូវជាតិលេខ៣។
ក្នុងកម្មវិធីសន្និសីទកាសែតខាងលើលោកឧកញ៉ាដដែលបានមានប្រសាសន៍ថា ជាការពិតទស្សនវិស័យរបស់ក្លិបប្រដាល់ កាឡាក់ស៊ី ណារ៉ាត្រា អេភូថង គឺមានច្បាស់លាស់ ដើម្បីលើកកម្ពស់ដល់វិស័យគុនខ្មែរឲ្យកាន់តែមានភាពរីកចំរើន ដែលមានដូចជាហេដ្ឋារចនាសម្ពន្ធសមរម្យ សង្វៀនត្រូវតាមស្តង់ដារអន្តរជាតិ មានបន្ទប់សម្រាកសម្រាប់កីឡាករ-កីឡាការិនីស្រស់ស្អាត និងអនាម័យ ព្រមទាំងមានការយកចិត្តទុកដាក់មើលថែកីឡាករ ដោយផ្ដល់ការហូបចុកគ្រប់គ្រាន់ ថែមទាំងមានប្រាក់បៀវត្សប្រចាំខែថែមទៀតផង។
លោកបានលើកឡើងទៀតថា ដើមហេតុនៃការចុចយកក្លិបប្រដាល់អេភូថង ជាដៃគូ ព្រោះលោកមានគោលបំណងរក្សានូវតម្លៃ និងស្នាដៃរបស់លោកអេ ភូថង ក្នុងនាមជាស្ដេចប្រដាល់របស់កម្ពុជា។ លោកពិតជាស្រលាញ់ និងស្ងើចសរសើរដល់លោក អេ ភូថង កាលនៅជាកីឡាករគឺកម្រមានដៃគូយកឈ្នះលោកបានណាស់ ហេតុដូច្នេះក្នុងនាមជាអ្នកដែលស្រលាញ់ដល់ក្បាច់គុនដូនតាខ្មែរ និងមើលឃើញពីស្នាដៃដ៏ល្អរបស់លោក អេ ភូថង ទើបក្រុមហ៊ុន កាឡាក់ស៊ី សម្រេចចុចយកក្លិបអេភូថង ជាដៃគូសហការតែម្ដង។
ជុំវិញការចាប់ដៃគូរវាងក្រុមហ៊ុន និងលោក អេភូថង បានកំណត់យ៉ាងហោចណាស់មានរយៈពេល៥ឆ្នាំ ហើយក្នុងកំឡុងពេលនេះលោកឧកញ៉ា ឡេង ប្រុស ជឿថា នឹងអាចពង្រីកវិសាលភាពនៃក្បាច់គុនប្រដាល់ និងជួយពង្រឹងដល់ក្មេងៗជំនាន់ក្រោយឲ្យកាន់តែខ្លាំងពូកែ ដើម្បីប្រជែងប្រទេសជិតខាង។
ជាមួយគ្នានោះដែរលោក អេ ភូថង ក្នុងនាមជាបុគ្គលដែលមានបទពិសោធជោគជាំនៅលើវិថីប្រដាល់គុនខ្មែរ លោកមើលឃើញថា ការលូកដៃរបស់លោកឧកញ៉ា ឡេង ណារ៉ាត្រា និងក្រុមហ៊ុន កាឡាក់ស៊ី ក្នុងវិថីប្រដាល់នេះពិតជាអាចជួយដល់វិស័យគុនខ្មែរមួយផ្នែកធំ ពិសេសនោះលោកជឿថា ប្រដាល់គុនខ្មែរនឹងកាន់តែល្បីសុះសាយជាក់ជាមិនខានឡើយ។ លោកបានធ្វើការសន្យាថា នឹងជ្រើសរើសយកកីឡាករពិសេសៗ និងខ្លាំងៗ មកប្រកួតនៅសង្វៀន ព្រៃទទឹង ដែលធ្វើការប្រកួតនៅរៀងរាល់ចុងសប្ដាហ៍ សៅរ៍-អាទិត្យ រាល់ខែ ដើម្បីធ្វើយ៉ាងណាឲ្យសង្វៀនប្រដាល់មួយនេះក្លាយជាសង្វៀនល្បីមួយនៅកម្ពុជា និងអន្តរជាតិនាពេលអនាគត៕