អនុលោមតាមមាត្រា ២៣ថ្មី ក្នុងមាត្រាពីរនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីមានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋម្នាក់ៗ ត្រូវបំពេញលក្ខខណ្ឌដូចជា៖ មានសញ្ជាតិខ្មែរពីកំណើត, មានអាយុ ២៥ (ម្ភៃប្រាំ) ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត, មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត, បានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលចំនួន២ (ពីរ) លើកចុងក្រោយជាប់គ្នា ដែលរៀបចំឡើងដោយ គ.ជ.ប លើកលែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប, មានលំនៅឋាន ឬទីសំណាក់ក្នុងប្រទេសកម្ពុជា និងមានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ នេះបើយោងតាមប្រការ ៤.១ថ្មី ក្នុងសេចក្តីសម្រេចស្ដីពីការកែសម្រួលបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ របសគ.ជ.ប។
យោងតាមប្រការ៤.១ ថ្មី(ស្ទួន) មូលហេតុសមស្របនៃការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតពាក់ព័ន្ធនឹងលក្ខខណ្ឌ ដើម្បីមានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវបានកំណត់ដូចជា៖ ស្ថិតនៅក្រៅប្រទេស នៅថ្ងៃបោះឆ្នោត ដោយសារជាប់បំពេញបេសកកម្មផ្លូវការ ឬបំពេញការសិក្សា ឬបំពេញការងារដែលមានកិច្ចសន្យាការងារស្របច្បាប់, មានជំងឺដែលមិនអាចទៅបោះឆ្នោតបាន នៅថ្ងៃបោះឆ្នោត, ស្រ្តីសម្រាលកូន នៅថ្ងៃបោះឆ្នោត, ត្រូវបានព្យួរសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្នស្របតាមច្បាប់ជាធរមាន, ករណីប្រធានសក្ដិ ឬអសន្តិសុខ ឬកាលៈទេសៈមានអាសន្ន ដែលអ្នកបោះឆ្នោត មិនអាចបោះឆ្នោតបានស្របតាមបទប្បញ្ញត្តិនៃ ប.ន.ត.រ។
បើតាមគ.ជ.ប អ្នកបោះឆ្នោតដែលមិនបានអនុវត្តសិទ្ធិបោះឆ្នោត ដោយមូលហេតុសមស្របដូច មានចែងក្នុងកថាខណ្ឌទី១ ខាងលើនេះ ហើយមានបំណងឈរឈ្មោះបោះឆ្នោត ត្រូវបញ្ជាក់ពីមូលហេតុ និងត្រូវមានឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ដល់ គ.ជ.ប៕
អត្ថបទ៖ អក្ខរា