កងរាជអាវុធហត្ថភ្នំពេញ បានឲ្យដឹងថា កន្លងមកមានការឆបោកតាមរយៈហ្វេសប៊ុក ដោយជនទុច្ចរិត ប្រើរូបភាពស្រីស្អាតឬប្រុសសង្ហា បង្កើតជាគណនី ក្លែងបន្លំ បោកបញ្ឆោតលួងលោមស្នេហាជាមួយជនរងគ្រោះ រហូតឈានទៅដល់ការបោកប្រាស់ ប្រាក់កាសអស់ ជាច្រើន ហើយក៏មានករណីខ្លះទៀត ជនទុច្ចរិតបានប្រើគណនីហ្វេសប៊ុកក្លែងក្លាយ បន្លំជាអ្នកមាន ឬជាសប្បុរសជន ធ្វើជាមានចិត្តចង់ជួយជនរងគ្រោះ ដោយបញ្ឆោតថាបានផ្ញើ វត្ថុមានតម្លៃ ឬថវិកា ឲ្យមកជនរងគ្រោះ ចុងក្រោយបង្កើតឧបសគ្គផ្សេងៗ បញ្ឆោតឲ្យជនរងគ្រោះផ្ញើប្រាក់ត្រឡប់ទៅវិញដើម្បីដោះស្រាយបញ្ហា ក្លាយទៅជាការខាតបង់ម្តងហើយម្តងទៀត។
ហើយក៏មានករណីឆបោកតាមការតេទូរស័ព្ទ ដោយជនទុច្ចរិត បានប្រើវិធីសាស្ត្រ ចុចលេខទូរស័ព្ទសម្រាប់តេ តាមការចៃដន្យ បោកបញ្ឆោតជនរងគ្រោះថា ត្រូវរង្វាន់ឬត្រូវឆ្នោតផ្សងសំណាងខ្នាតធំ ហើយក៏បញ្ឆោតឲ្យជនរងគ្រោះ ផ្ទេរប្រាក់ខ្លះ ត្រឡប់ទៅវិញ ដើម្បីជាថ្លៃសេវាប្តូរយករង្វាន់ និងខ្លះទៀតក្លែងជាសាច់ញាតិជនរងគ្រោះ ហើយកុហក់ ថាខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ ឬជួបឧបទ្ទហេតុផ្សេងៗ រួចក៏បញ្ឆោតបំភ័យឲ្យជនរងគ្រោះខ្វះការប្រុងប្រយ័ត្ន រហូតផ្ញើប្រាក់ជាច្រើន យកទៅដោះស្រាយបញ្ហាភ្លាមៗ ក៏ក្លាយជាការខាតបង់ប្រាក់កាស តាមល្បិចបោកបញ្ឆោតរបស់ ជនល្មើស។
ល្បិចឆបោកដដែលៗនេះ ត្រូវបានសមត្ថកិច្ចបង្ក្រាបនិងផ្សព្វផ្សាយជាហូរហែរ តែក៏នៅមានជនទុច្ចរិតផ្សេងទៀត យកមកប្រើប្រាស់នៅតែមានប្រសិទ្ធិភាពបោកបញ្ឆោតជនរងគ្រោះ បានជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ មានករណីបោកប្រាស់តាមទូរស័ព្ទមួយបែប ត្រូវបានអាវុធហត្ថរាជធានី ភ្នំពេញ ធ្វើការបង្ក្រាបដោយជោគជ័យ ដែលជនសង្ស័យឈ្មោះ គុជ ស៊ុយទ្រី ភេទប្រុស អាយុ៤៣ឆ្នាំ បានធ្វើការបោកប្រាស់ ស្ត្រីចំណាស់ជាច្រើនករណី តាមរយៈចុចលេខទូរស័ព្ទពីមួយខ្សែទៅមួយខ្សែ រកមើលសម្លេងស្ត្រីចំណាស់ ហើយបានប្រើល្បិចហៅជនរងគ្រោះថាម៉ែ និងក្លែងជានិយាយថា កូនបើកម៉ូតូបុករថយន្តគេបាក់ធ្មេញនិយាយមិនច្បាស់ ហើយធ្វើឲ្យរថយន្តគេខូចខាតធ្ងន់ធ្ងរ ត្រូវការប្រាក់ចន្លោះពី ៣០០០ ទៅ ៥០០០ ដុល្លារ ដើម្បីដោះស្រាយសងរថយន្តគេបញ្ចប់រឿង ហើយជនរងគ្រោះភ័យស្លន់ស្លោរ ក៏ប្រឹងរកប្រាក់ វេឲ្យជនសង្ស័យភ្លាមៗតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕