មន្ត្រីនគរបាលមួយរូប ដែលជាអ្នកកាងទំនិញដ៏សកម្មចេញពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ ដោយកំពុងបន្តនីតិវិធីកសាងសំណុំរឿង និងគ្រោងនឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវហើយ នៅថ្ងៃទី៤ ខែកក្កដានេះហើយ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ដោយសារមន្ត្រីនគរបាលរូបនេះ បានផ្ទុះអាវុធរារាំង និងរំដោះរថយន្តដឹកទំនិញគេចពន្ធពីសមត្ថកិច្ចគយ ដែលកំពុងចុះប្រតិបត្តការបង្ក្រាបបទល្មើសទំនិញគេចពន្ធ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៨:៤០នាទីព្រឹក នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ មានករណីរារាំងការអនុវត្តច្បាប់របស់មន្ត្រីសាធារណៈ និងប្រើប្រាស់អាវុធខុសច្បាប់បានកើតឡើង ដែលបង្កឡើងដោយបុរសម្នាក់មានឈ្មោះ ណុប សំបូរ អាយុ៣១ឆ្នាំ ជានាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
មន្ត្រីនគរបាលរូបនេះ បានជិះរថយន្ត ០១គ្រឿង ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-9899 ហើយធ្វើសកម្មភាពរារាំង (បិទគូថ) និងដកកាំភ្លើងខ្លីបាញ់ចំនួន ០៥គ្រាប់ ដើម្បីគម្រាមដល់សមត្ថកិច្ចគយដែលកំពុងចុះប្រតិបត្តការបង្ក្រាបបទល្មើសទំនិញគេចពន្ធនាំចូល៕