កន្លងទៅថ្មីៗនេះ ក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមការងារចុះពិនិត្យមើលអំពីការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ។ ជាលទ្ធផល ក្រុមការងាររកឃើញចំណុចអសកម្មមួយចំនួនពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ និងការគាំទ្រដល់ការិយាល័យប្រជាពលរដ្ឋខេត្ត។
ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃ ដែល Karpit News ទទួលបាននៅថ្ងៃទី៣ ខែកក្កដានេះ ឲ្យដឹងថា ក្រសួងបានណែនាំទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវបញ្ឈប់ការផ្តល់សេវាប័ណ្ណព្រំដែននៅក្រៅអង្គភាពច្រកចេញចូលតែមួយ និងត្រូវយកសេវានេះមកអនុវត្តនៅអង្គភាពច្រកចេញចូលតែមួយ។ ក្នុងអំឡុងពេល ដែលក្រសួងមហាផ្ទៃកំពុងរៀបចំធ្វើសន្ធានកម្មរវាងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ និងប្រព័ន្ធផ្តល់សេវាប័ណ្ណព្រំដែន ស្នើរដ្ឋបាលខេត្តណែនាំឱ្យមន្ត្រីផ្តល់សេវាកត់ត្រាបញ្ចូលទិន្នន័យប័ណ្ណព្រំដែនក្នុងកម្មវិធីព័ត៌មានវិទ្យារបស់អង្គភាពច្រកចេញចូលតែមួយឱ្យអស់ និងត្រឹមត្រូវ។
ក្រសួងមហាផ្ទៃ ក៏ណែនាំដល់រដ្ឋបាលខេត្តត្រូវចាត់វិធានការណែនាំ និងលុបបំបាត់មន្ត្រីរត់ការស្នើសុំសេវាជំនួសប្រជាពលរដ្ឋ ដែលរួមទាំងមន្ត្រី ឬបុគ្គលិកជាប់កិច្ចសន្យារបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដែលជះឥទ្ធិពលមិនល្អដល់ការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ អក្ខរា