វេទិកាសន្តិភាពកម្ពុជា បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំង២ភេទ និងយុវជនខ្មែរទាំងអស់ដែលមានអាយុគ្រប់១៨ឆ្នាំ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមចេញទៅបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះឲ្យបានគ្រប់ៗគ្នា កុំបីខកខាន។
វេទិកាសន្តិភាពកម្ពុជា ដែលមានបេសកកម្មផ្សព្វផ្សាយអំពី ប្រវត្តិកសាងសន្តិភាព គុណតម្លៃនៃសន្តិភាព និងកាតព្វកិច្ចការពារសន្តិភាព ហើយដែលកំពុងបន្តរៀបចំ វេទិកាសាធារណៈក្រោមប្រធានបទ «បោះឆ្នោត ដើម្បីសន្តិភាព» ។
តាមរយៈសេចក្តីអំពាវនាវ ដែលចុះហត្ថលេខាដោយលោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ និងយុវជនគ្រប់អាយុ១៨ឆ្នាំទាំងអស់ សូមអញ្ជើញចេញទៅបោះឆ្នោតក្នុងសំឡេងតែមួយគឺ «បោះឆ្នោតដើម្បីសន្តិភាព» ដោយប្រើសន្លឹកឆ្នោតរបស់ខ្លួនឲ្យមានតម្លៃជាសន្លឹកឆ្នោត «ការពារសន្តិភាព»។
វេទិកាសន្តិភាពកម្ពុជា ក៏បានបញ្ជាក់ថា ការបោះឆ្នោតជាសិទ្ធិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសប្រជាធិបតេយ្យដែលបងប្អូន ត្រូវអនុវត្តសិទ្ធិនេះរៀងរាល់៥ឆ្នាំម្តងៗ ដូចនេះដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិ សូមកុំចាញ់បោក ចាញ់កល ពួកក្រុមនយោបាយបំពុលសង្គម កុំឲ្យគេអូសទាញបងប្អូនឲ្យខកខានអនុវត្តនូវសិទ្ធិបោះឆ្នោត ដែលជាសិទ្ធិដ៏មានសារៈសំខាន់នេះឲ្យសោះ។
វេទិកាសន្តិភាពកម្ពុជា តាមរយៈសកម្មភាព វេទិកាសាធារណៈដែលផ្សព្វផ្សាយអំពីប្រធានបទ «បោះឆ្នោតដើម្បីសន្តិភាព» និងសកម្មភាពបេសកកម្មរបស់ខ្លួន ក៏សង្ឃឹមថា បងប្អូន ប្រជាពលរដ្ឋខ្មែរ និង យុវជនខ្មែរដែលមានអាយុគ្រប់ ១៨ឆ្នាំ នឹងអញ្ជើញចេញទៅបោះឆ្នោតគ្រប់ៗគ្នា ដើម្បីអនុវត្តសិទ្ធិជាពលរដ្ឋ របស់ខ្លួន នៅក្នុងសង្គមប្រជាធិបតេយ្យ ដោយមិនមានការអាក់ខានឡើយ៕
អត្ថបទ៖ ពុទ្ធិកា