ក្រោយពីមានរឿងចម្រុងចម្រាស់រវាងតារាសម្តែង ម៉ៃយ៉ា និងគូស្នេហ៍ដូចគ្នារបស់ខ្លួនមួយរយៈពេលមក ស្រាប់តែពេលនេះតារាស្រីរូបនេះបានបញ្ចេញរូបក្បាលពោះ ក្នុងខណៈដែលនាងកំពុងពពោះកូនក្នុងផ្ទៃ ៧ ខែ ជាមួយគូស្នេហ៍ភេទដូចគ្នារបស់ខ្លួន ដែលបានស្រឡាញ់គ្នាអស់ពេល ៤ ឆ្នាំ ។
ម៉ៃយ៉ា បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានបញ្ចេញរូបភាពជាច្រើនសន្លឹក ជាមួយគូស្នេហ៍ភេទដូចគ្នា ក្នុងពេលដែលនាងកំពុងពពោះកូនក្នុងផ្ទៃរយៈពេល ៧ ខែ ។ អាចចាត់ទុកថា ម៉ៃយ៉ា ជាតារាសម្តែងមួយរូបដែលមានភាពក្លាហាន នាងមិនត្រឹមតែហ៊ានបើកចំហរពីចំណងស្នេហ៍ភេទដូចគ្នារបស់ខ្លួនជាសាធារណៈប៉ុណ្ណោះទេ ពេលនេះនាងថែមទាំងបានយកកូនតាមបច្ចេកទេសសម័យ ថ្មី ដូចជាតារាអនឡាញ ខ្មែរ ជាច្រើនរូបទៀត ។
អមជាមួយរូបភាព និង សារដ៏មានន័យកាលពីប៉ុន្មានម៉ោងមុននេះ ម៉ៃយ៉ា បានរៀបរាប់ថា « កាដូ ៤ ឆ្នាំ ស្រឡាញ់គ្នា គឺកូនទន្សាយនៅក្នុងពោះម៉ាក់ៗនេះហើយ ។ ៧ ខែហើយ ទាយមើលអូន Girl or Boy ? »
ទស្សនិកជនជាច្រើននៅពេលឃើញតារាសម្តែង ម៉ៃយ៉ា បង្ហាញបែបនេះម្នាក់ៗបានផ្ញើសារជូនពរនាងគ្រប់ៗគ្នា ហើយម្នាក់ៗគិតថា កូនក្នុងផ្ទៃនាង ជាកូនស្រី ។
ម៉ៃយ៉ា កាន់តែទទួលបានភាពកក់ក្តៅពីគូស្នេហ៍របស់ខ្លួន ដោយគេមិនឱ្យនាងធ្វើការងារអ្វីទាំងអស់សូម្បីតែការងារជាពិធីករ ក៏ត្រូវផ្អាកផងដែរ ។
មុននឹងមានផ្ទៃពោះ ម៉ៃយ៉ា ក៏ត្រូវបានគូស្នេហ៍ភេទដូចគ្នារបស់ខ្លួន ហាមប្រាមមិនឱ្យចេញថតរឿងផងដែរ ដោយសារតែបញ្ហាប្រចណ្ឌ ហើយក្នុងអំឡុងពេលនោះមានអ្នកតាមស្រឡាញ់នាងច្រើន ដូច្នេះហើយទើបចុងក្រោយ នាងសម្រេចចិត្តយកកូនដើម្បីបញ្ចប់រឿងរ៉ាវបែកបាក់ ៕