ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាការជាតិរៀបចំការបោះឆ្នោត នៅល្ងាចថ្ងៃទី០២ ខែកក្កដានេះ។
គ.ជ.ប បានឲ្យដឹងថា នៅថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា បណ្ដាគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត បានធ្វើការឃោសនាបោះឆ្នោតតាមកំណត់ និងតាមរូបភាពផ្សេងៗគ្នា ដែលរួមមានជាអាទិ៍ ការជួបប្រជុំ ការហែក្បួនឃោសនា ការប្រគុំតន្រ្តី ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័ត តាមភូមិ និងការចែកខិត្តបណ្ណ។
គ.ជ.ប បានឲ្យដឹងទៀតថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បាន កត់សម្គាល់ឃើញថា នៅថ្ងៃទីពីរនេះ មានចំនួនគណបក្សនយោបាយធ្វើសកម្មភាពហែក្បួនឃោសនា ច្រើនជាងថ្ងៃទីមួយ ដោយការហែក្បួនឃោសនាបានប្រព្រឹត្តទៅនៅតាមមណ្ឌលបោះឆ្នោតមួយចំនួន។
ជាក់ស្ដែង គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរអភិរក្ស គណបក្សឯកភាពជាតិខ្មែរ គណបក្ស កម្លាំងប្រជាធិបតេយ្យ និងគណបក្សយុវជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ រីឯគណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តត្បូងឃ្មុំ និងមណ្ឌលខេត្តក្រចេះ។
ចំណែកគណបក្សខ្មែររួបរួមជាតិ បានហែក្បួនឃោសនានៅ មណ្ឌលខេត្តបន្ទាយមានជ័យ ខេត្តតាកែវ និងមណ្ឌលខេត្តកំពត។ ដោយឡែកគណបក្សសំបុកឃ្មុំ- សង្គមប្រជាធិបតេយ្យ បានហែក្បួនឃោសនានៅមណ្ឌលខេត្តបាត់ដំបង។
គួរបញ្ជាក់ថា រយៈពេលការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ គឺមានចំនួន ២១ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ។ គ្រប់គណបក្សនយោបាយទាំងអស់ អាចចេញហែក្បួនព្យុហយាត្រា ឬ ក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ត្រូវបានធ្វើយ៉ាងច្រើន ៤ ដង ក្នុងព្រំប្រទល់រាជធានី ខេត្តដែលសាមីគណបក្សនយោបាយមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ ការហែក្បួនឃោសនាបោះឆ្នោតក្រៅមណ្ឌលបោះឆ្នោត មិនត្រូវបានអនុញ្ញាតឡើយ៕
អត្ថបទ៖ ពុទ្ធិកា