អ្នកវិភាគចៅចាក់ស្មុក៖ សន្ធឹក​​ជើងនៃទ័ពទេវតាក្នុងថ្ងៃ​ទី​១​នៃយុទ្ធនាការឃោសនាបោះឆ្នោតបង្ហាញពីទឹកចិត្តដ៏មោះមុតក្នុងការការពារ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍរបស់កម្ពុជាស្របតាមកម្មវិធីនយោបាយដែលបានដាក់ចុះ

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣

ទ័ពទេវតារាប់សែននាក់ជាមួយនឹងការតុបតែងដ៏ស្រស់ស្អាតដោយស្លៀកសម្លៀកបំពាក់សញ្ញាគណបក្សប្រជាជនកម្ពុជា​ប្រកប​ដោយទឹកមុខញញឹមប្រិមប្រិយ និងជំនឿទុកចិត្ត បានចូលរួមពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតក្នុងថ្ងៃទី១ ខែកក្កដានេះដែលបើក​ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេសកម្ពុជា។

សន្ធឹកជើងដ៏សន្ធាប់ និងសំឡេងគាំទ្រដ៏ទ្រហឹង​អឹងកងនិងពោរពេញដោយភាពមោះមុតបានបង្ហាញពីទឹកចិត្តពុះកញ្ជ្រោលនៃពលរដ្ឋ​កម្ពុជាក្នុងការចូលរួម​ការពារ​សុខសន្តិភាព លទ្ធិប្រជាធិប​តេយ្យនិងការអភិវឌ្ឍដែលកម្ពុជាមានក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​និងជានាយករដ្ឋមន្ត្រី។

គណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំប្រទេសរយៈពេលជាង ៤០ ឆ្នាំមកនេះបាននាំកម្ពុជាឆ្ពោះទៅរកការ​អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងពោរពេញដោយមោទភាព កិត្យានុភាពជាតិ និងកិត្តិយស​ជាទីបំផុត​និងបានតម្កល់សុខសន្តិភាពជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ភាពសុខសាន្តនិងសុខដុមនីយកម្មរបស់សង្គមកម្ពុជា និងការអភិវឌ្ឍ។

ថ្ងៃនេះលេខរៀងទី១៨ និងស្លាកគណបក្សប្រជាជនកម្ពុជាត្រូវបានឃើញគ្រប់ទីកន្លែងនៃប្រទេសកម្ពុជាដូចដែលគណបក្សប្រជាជនកម្ពុជា​តែងតែមានវត្តមានគ្រប់ទីកន្លែងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ អមដោយសម្រែកជយឃោសអបអរសាទរយ៉ាងកងរំពង។ សំខាន់​ជាងនេះ កម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជាដែលប្រកាសដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ត្រូវបានផ្សព្វផ្សាយ​យ៉ាងទូលំទូលាយនៅទូទាំងប្រទេសដើម្បីបញ្ជ្រាបជូនដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក៏ដូចជាប្រជាពលរដ្ឋឱ្យបានដឹងពីការតាំងចិត្តនិងការប្តេជ្ញារបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើជាតិនិងប្រជាជនកម្ពុជា។ សារនយោបាយរបស់គណបក្ស​ប្រជាជនកម្ពុជាគឺ​ជា​សារដែលហ៊ានថា គឺហ៊ានធ្វើ និងជាសារនយោបាយដែលបានផ្តល់នូវកិច្ចគាំពារសង្គមយ៉ាងច្រើនដែលជាការគិតគូររបស់គណបក្សប្រជា​ជនកម្ពុជាជាពិសេសពីសំណាក់សម្តេចតេជោ ហ៊ុន សែន ចំពោះជាតិនិងប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតថា គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខ​ជាមួយ​ប្រជាជន ពុះពារឆ្លងកាត់រាល់ ឧបសគ្គ ដឹកនាំប្រទេសឱ្យចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់កាល អភិវឌ្ឍន៍ លើគ្រប់ វិស័យប្រកបដោយមោទនភាព។ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការ បែកបាក់ជាតិ និងពីទឹកដីដែលរចនាសម្ព័ន្ធសង្គមត្រូវបំផ្លាញដល់ឫសគល់ ទៅជាទឹកដីដ៏ស្រស់បំព្រង ដែល ប្រជាជនបានរស់នៅយ៉ាង សុខដុមរមនាក្នុងឯកភាពជាតិ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ហើយកំពុងរួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ បន្តយកអស់កម្លាំងកាយ ចិត្ត បញ្ញា និង ស្មារតី ដើម្បីកសាង និងការពារមាតុភូមិរបស់ខ្លួន។ សម្តេចតេជោនាយករដ្ឋមន្រ្តី ប្តេជ្ញាជា ប្រវត្តិសាស្រ្ត ថែរក្សារាល់សមិទ្ធផលរបស់ ជាតិឱ្យគង់វង្សជារៀងដរាប។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាព្រឹត្តិការណ៍នយោបាយ ជា ប្រវត្តិសាស្ត្រមួយដែលមានសារៈសំខាន់ជាទីបំផុត ក្នុងការ កំណត់ ជោគវាសនាអនាគតរបស់ជាតិ។ សម្តេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា​គណបក្សប្រជាជនកម្ពុជាសុំការគាំទ្រពីជនរួមជាតិលើ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨» ដើម្បីធានាការការពារសន្តិភាព និងនិរន្ដរជាតិលើមាគ៌ានៃការអភិវឌ្ឍ និងការលើកស្ទួយជីវភាពប្រជាជនឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយ ប្រកាន់ ភ្ជាប់នូវគោលជំហរជាយុទ្ធសាស្រ្តច្បាស់លាស់ និងគណបក្សប្រជាជនកម្ពុជានឹងដាក់ចេញនូវគោល នយោបាយជាអាទិភាពចំនួន ៦ ចំណុច នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាផងដែរ ដែលគោលនយោបាយទាំងនេះគឺដើម្បីបម្រើផល ប្រយោជន៍ជូនប្រជាពលរដ្ឋ។

ការបើកឆាកថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិទី៧ នេះដោយមានការចូលរួមយ៉ាងច្រើនសន្ធាក់សន្ធាប់ពីប្រជាពលរដ្ឋអ្នក គាំទ្រ របស់ខ្លយនបង្ហាញថាពលរដ្ឋខ្មែរច្រើនលើសលប់បានគាំទ្រគណបក្សប្រជាជនកម្ពុជាដោយសារតែភាពចាស់ទុំផ្នែកនយោបាយ មានមេដឹកនាំបក្សដែលប្រកបដោយទេពកោសល្យដឹកនាំ និងមានគោលនយោបាយប្រាកដនិយម និងជាក់ស្តែងនិយមឆ្លើយតបនឹងតម្រូវ ការរបស់ពលរដលរដ្ឋ។ តាំងពីអតីតកាលរហូតមកដល់ពេលនេះ និងតទៅអនាគត គ្មានគណបក្សណាមួយអាចមកជំនួសគណបក្ស ប្រជាជនកម្ពុជា បានឡើយ។ សន្ទុះនៃការគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែខ្លាំងឡើងៗ និងបានក្លាយជាកម្លាំងជាតិដ៏ធំមួយដែលជា សសរទ្រូងការពារជាតិ និងប្រជាជនកម្ពុជា, ការពារសន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជា។

សន្ធឹកជើងទ័ពទេវតាក៏បានធ្វើឱ្យក្រុមជនក្បត់ជាតិភ័យខ្លបខ្លាចផងដែរ។ ជាមួយនឹងការគាំទ្រដ៏ច្រើនលើសលុបនេះ គណបក្សប្រជាជន កម្ពុជាត្រូវបានគេព្យាករណ៍ថានឹងទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីទៀតនៅក្នុងការបោះឆ្នោតខាងមុខនេះ៕​