ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃទី១ ខែកក្កដា ដែលជាថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យ កត់សម្គាល់ឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាការជាតិរៀបចំការបោះឆ្នោត នៅល្ងាចថ្ងៃទី០១ ខែកក្កដានេះ។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានឲ្យដឹងថា ដោយសារមានកិច្ចសហការល្អពីសំណាក់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងគណបក្សនយោបាយ គឺនៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោតទាំងអស់ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមការកំណត់ និងតាមរូបភាពផ្សេងៗគ្នា ដែលរួមមានជាអាទិ៍ ការជួបប្រជុំ ការសម្ដែងសិល្បៈ ការហែក្បួនឃោសនា ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័ត តាមភូមិ និងការចែកខិត្តបណ្ណជាដើម។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា ផ្នែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធខប) បានកត់សម្គាល់ឃើញថា គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពហែក្បួនឃោសនាទ្រង់ទ្រាយធំនៅគ្រប់មណ្ឌលបោះឆ្នោតទាំងអស់ ដែលមានអ្នកចូលរួមជាច្រើនកុះករ។
ដោយឡែក គណបក្សនយោបាយមួយចំនួនទៀត ដូចគណបក្សខ្មែរួបរួមជាតិ គណបក្សខ្មែរឈប់ក្រ និងគណបក្សឯកភាពជាតិខ្មែរ ក៏បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតមួយចំនួនដែលខ្លួនឈរឈ្មោះបោះឆ្នោតផងដែរ។
គួរបញ្ជាក់ថា រយៈពេលការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ គឺមានចំនួន ២១ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ។ គ្រប់គណបក្សនយោបាយទាំងអស់ អាចចេញហែក្បួនព្យុហយាត្រា ឬ ក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ត្រូវបានធ្វើយ៉ាងច្រើន ៤ ដង ក្នុងព្រំប្រទល់រាជធានី ខេត្តដែលសាមីគណបក្សនយោបាយមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ ការហែក្បួនឃោសនាបោះឆ្នោតក្រៅមណ្ឌលបោះឆ្នោត មិនត្រូវបានអនុញ្ញាតឡើយ៕
អត្ថបទ៖ ពុទ្ធិកា