គណបក្សប្រជាជនកម្ពុជា សូមប្រកាស និងសុំការគាំទ្រពីជនរួមជាតិនូវ «កម្មវិធីនយោបាយសម្រាប់ការ កសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨» ដើម្បីធានាការការពារសន្តិភាព និងនិរន្ដរជាតិលើមាគ៌ានៃការ អភិវឌ្ឍ និងការលើកស្ទួយជីវភាពប្រជាជនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ នេះបេីតាមសេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើក
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងរំឭកខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកក្កដានេះ។
កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឆ្នាំ ២០២៣-២០២៨ ជាការបន្តនៃកម្មវិធីនយោបាយ ឆ្នាំ ២០១៨-២០២៣ និងឆ្លើយតបទៅនឹងការវិវត្តន៍នៃសភាពការណ៍ជាក់ស្ដែងទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស។ កម្មវិធីនយោបាយនេះ ត្រូវបានកសាងឡើងដោយផ្តើមចេញពីឆន្ទៈ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និងប្រកបដោយភាពប្រាកដនិយមដែលគណបក្សមានសមត្ថភាព និងលទ្ធភាពពិត ក្នុងការអនុវត្តឱ្យបានសម្រេច។
ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី៧ ខាងមុខនេះ សម្តេចតេជោ ប្រធានគណបក្ស បានត្រៀមរៀបចំរួចជាស្រេចនូវរបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល បន្តពីយុទ្ធសាស្តចតុកោណដំណាក់កាលទី៤ សម្រាប់ជាឧបករណ៍ដឹកនាំអនុវត្តឱ្យបានសម្រេចជោគជ័យនូវ “កម្មវិធីនយោបាយ» របស់គណបក្ស៕
អត្ថបទ៖ អក្ខរា