គណបក្សនយោបាយចំនួន៤ ក្នុងចំណោមគណបក្សទាំង១៨ ចេញឃោសនាស្វែងរកសំឡេងឆ្នោត ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី១ ខែកក្កដានេះ។ បក្សនយោបាយទាំង៤ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរឈប់ក្រ និងគណបក្សខ្មែរតែមួយ។
សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច គឺធ្វើពិធីជួបជុំ និងហែក្បួនទ្រង់ទ្រាញធំជាងគេ។ នៅព្រឹកនេះគណបក្សប្រជាជនកម្ពុជា រៀបចំជួបជុំសមាជិក សមាជិកា នៅតំបន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ និងដង្ហែក្បួនឃោសនា ដោយមានអ្នកចូលរួមសរុបចំនួន ៧៦.៥០០នាក់ ក្នុងនោះ ចូលរួមក្នុងពិធីមីទ្ទិញចំនួន ៣០,០០០នាក់ និងក្នុងពិធីហែក្បួនឃោសនាចំនួន ៤៦,៥០០នាក់ បែងចែកជា ០២ក្រុម។
ចំណែកគណបក្សនយោបាយចំនួន៣ទៀត មានការជួបជុំសមាជិក សមាជិកា និងចូលរួមឃោសនា ចន្លោះពី១២៥ ទៅ ១ពាន់នាក់។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណិតទី៧ នឹងមានរយៈពេល២១ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា