ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តកម្មវិធីជំនួយសង្គមពិសេសនេះរយៈពេល៣ឆ្នាំមកហើយ តាមរយៈការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវកាដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដើម្បីជួយដល់គ្រួសារក្រីក្រដែលមានបណ្ណសមធម៌ជាមួយប្រាក់ឧបត្ថម្ភប្រចាំខែដើម្បីទប់ស្កាត់មិនឱ្យពួកគាត់ធ្លាក់ចុះទៅក្នុងភាពក្រីក្រកាន់តែខ្លាំង និងជួយសម្រួលជីវភាពប្រចាំថ្ងៃរបសើពួកគាត់ក្នុងអំឡុងពេលនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ឯកឧត្តមបណ្ឌិតបន្តថា ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន ជាស្ថាប័នជាតិមួយមានតួនាទីគិតគូរក្នុងកម្រិតគោលនយោបាយ លើកសំណើ និងស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ឱ្យអនុវត្តកម្មវិធី និងរបបនានានៃប្រព័ន្ធគាំពារសង្គម រួមទាំងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ នេះផងដែរ ដោយរហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ចំនួន ១ ០៨៨ លានដុល្លារអាមេរិក។
ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍សំណូមពរឱ្យប្រជាពលរដ្ឋឈប់យល់ច្រលំថា ថវិកាដែលពួកគាត់តែងតែបើកជាប្រចាំខែនេះថាជាថវិការបស់បរទេស ឬអង្គការណាមួយទៀតទៅ។ ថវិការនេះ ជាថវិការបស់រដ្ឋសុទ្ធសាធ ដែលនេះបង្ហាញពីការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមិបោះបង់ពលរដ្ឋណាម្នាក់ចោល៕