លោក ចាប តូ ជាជនពិការភ្នែកសងខាងទីមួយ ដែលទទួលបានឋានៈ និងគោរមងារជាអនុរដ្ឋលេខាធិការ។ ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក ចាប តូ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានងារជាឯកឧត្តម។
ឯកឧត្តម ឯម ចាន់មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ពិតជាមានមោទនៈភាព ជាមួយឯកឧត្តម ចាប តូ ដែលជាជនមានពិការភាពភ្នែកសងខាង ទទួលបាននូវមុខតំណែងដ៏ខ្ពង់ខ្ពស់នេះ។ ឯកឧត្តមចាត់ទុកនេះជាការសណ្តោសប្រណី និងលើកទឹកចិត្តដល់ជនមានពិការភាព ពីសម្តេចសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។
គួរឲ្យដឹងថា មុនត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក ចាប តូ ជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ។លោកគឺជាជនពិការភ្នែកមួយរូបពីកំណើត។ ទោះបីខ្លួនពិការភ្នែកក៏ពិតមែន ប៉ុន្តែលោកបានស្វះស្វែងរកជំនាញសម្រាប់ខ្លួនឯងដោយលោកបានធ្វើដំណើរមកទីក្រុងភ្នំពេញក្នុងឆ្នាំ២០០៤។ លោកក៏ជាធ្លាប់ធ្វើជាជំនួយការផ្ទាល់របស់អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីផងដែរ៕
អត្ថបទ៖ អក្ខរា