ដើម្បីសំដៅបន្តអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា ឱ្យកាន់តែរីកចម្រើន និងប្រសិទ្ធភាពខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានស្នើឱ្យសមាជិកសមាជិកានៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាទាំងអស់ បន្តអនុវត្តទិសដៅការងារ ដោយជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តក្តាមថ្មកោះកុង និងប្រហុកសៀមរាប។
ការជំរុញរបស់ឯកឧត្តម រដ្ឋមន្តី្រដូចនេះ បានធ្វើឡើងនៅកិច្ចប្រជុំបូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
ជាមួយគ្នានេះ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏ជំរុញឲ្យបញ្ចប់ការចុះបញ្ជីម៉ាកសមូហភាព ក្រូចពោធិសាត់ ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល និងទឹកមាត់ត្រចៀកកាំកម្ពុជា។ ជាពិសេសជំរុញការផ្សព្វផ្សាយតាមស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ តាមកម្មវិធីជាតិ អន្តរជាតិ នូវម៉ាកសម្គាល់ភូមិសាស្រ្ត និងម៉ាកសមូហភាពដែលបានចុះបញ្ជីរួច ឱ្យក្លាយជាគោលដៅទេសចរណ៍ និងវប្បធម៌។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២ កន្លងទៅ ក្រសួងពាណិជ្ជកម្ មបានទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្ម ចំនួន ៦,១៣៥ ក្នុងនោះបានចុះបញ្ជីចំនួន ៤,៨៤៧ ម៉ាក។ សម្រាប់ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមាននាយកដ្ឋានកម្មសិទ្ធិ បញ្ញាជាលេខាធិការដ្ឋាន បានបញ្ចប់សេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ និងត្រៀមដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ ពុទ្ធិកា