ឯកឧត្តម ហ៊ុន ម៉ាណែត៖រាជរដ្ឋាភិបាល តែងចាត់ទុក ផ្លូវ​និង​​ស្ពាន គឺជា​សរសៃ​​ឈាម​សេដ្ឋកិច្ច​យ៉ាង​​សំខា​ន់

រាជរដ្ឋាភិបាលកម្ពុជា តែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករ​នៃ​ជីវ​ភាព​របស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម»។ នេះគឺជាការ​លើក​ឡើង​រ​បស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅ​ក្នុងពិធីបើក​ការដ្ឋានស្ថា​បនាផ្លូវក្រាលបេតុងកៅស៊ូ ប្រវែង ៤០០០ ម៉ែត្រ ទទឹងប្រវែង ៥០ ម៉ែត្រ និងបុកគ្រឹះ​ស្ថាប​នា​ស្ពានបេតុងអាម៉េចំនួន ២ ខ្សែ តាមបណ្តោយមហាវិថី ឈុន គង់ ស្ថិតនៅ​ខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងបន្តថា កត្តាសុខសន្តិភាព បានបង្កលក្ខណៈឱ្យរាជ​រដ្ឋាភិបាល ដែលដឹក​នាំ​ដោយ គណបក្សប្រជាជនកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ចេញនូវ​គោលនយោបាយអាទិភាពទាំង ៤ គឺ មនុស្ស ផ្លូវ ទឹក និងភ្លើង ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ​នាយករដ្ឋមន្ត្រី ជាប្រមុខដឹក​នាំ គឺ​មានចក្ខុវិស័យវែង​ឆ្ងាយ​​ក្នុងការតភ្ជាប់រាជធានី-ខេត្តឱ្យរួមគ្នាតែមួយ ហើយធ្វើដំណើរវិលជុំដោយមិនបាច់បកក្រោយ ជាពិសេស ក៏ជាយន្តការនៃការភ្ជាប់សកម្មភាព​ពាណិជ្ជកម្ម, ទេសចរណ៍ និងការដឹកជញ្ជូនកសិផល​ប្រកបដោយ​​ប្រសិទ្ធភាព និងចំណាយតិច។

គួរបញ្ជាក់ថា សមិទ្ធផលដែលបានបើក​ការដ្ឋានសាងសង់នាព្រឹកមិញ រួមមាន៖ទី១ ផ្លូវក្រាលបេតុង​​កៅស៊ូ (កៅស៊ូ AC) បណ្តោ​យប្រវែង ៤.០០០ ម៉ែត្រ ទទឹងប្រវែង ៥០ ម៉ែត្រ និងទី២ ស្ពានបេតុងអាម៉េ​ចំនួន ០២ ខ្សែ តាមបណ្តោយមហាវិថី ឈុន គង់ ស្ថិត​នៅខណ្ឌដង្កោ និងខណ្ឌមាន​ជ័​​យ រាជធានី​ភ្នំពេញ ៕

អត្ថបទ៖ ពុទ្ធិកា