សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំផ្ញើទៅអ្នកលេងហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្តិសុខជាតិមកបង្ហោះដោយគ្មានអនុញ្ញាតពីផ្នែកយោធា។ សម្តេចគូសបញ្ជាក់ថា ពាក់ព័ន្ធសន្តិសុខជាតិនេះ មិនមែនជារឿងលេងសើច និងមិនមែនជារឿងតូចតាចនោះទេ។ សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន៨ពាន់នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ស្រុកខ្មែរជាតំបន់ឆ្លងកាត់យន្តហោះច្រើនណាស់ ប្រយ័ត្នឃើញយន្តហោះរបស់គេ បង្ហោះអាពីក្រោយឡើងទៅធ្លាក់យន្តហោះគេ ស្លាប់តែម្តង“។ សម្តេចបញ្ជាក់ថា មកដល់ពេលនេះ មិនមានដ្រូនហោះចូលដីខ្មែរនោះឡើយ ដោយត្រូវបែងចែកឲ្យដាច់រវាងយន្តហោះគ្មានមនុស្សបើក ជាមួយនឹងយន្តហោះពាណិជ្ជកម្ម ហើយការបង្ហោះលើហ្វេសប៊ុកកាលពីយប់មិញនោះជា ព័ត៌មានក្លែងក្លាយ ហើយម្ចាស់គណនីក៏បានលុបចេញវិញដែរ៕
អត្ថបទ៖ អក្ខរា