នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានប្រគល់រថយន្តដឹកជញ្ជូនចំនួន២៣០ គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទសរុបចំនួន ៦២ អង្គភាព។ ពិធីប្រគល់-ទទួលរថយន្តដឹកជញ្ជូន ជូនដល់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ បានធ្វើឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា ការផ្តល់អំណោយរថយន្តដឹកជញ្ជូនសរុបចំនួន ២៣០ គ្រឿងនាពេលលនេះ គឺជាជំហានទី២ នៃការកៀរគរធនធានក្នុងទ្រង់ទ្រាយធំរបស់សប្បុរសជនខ្មែរ, ក្រុមហ៊ុនខ្មែរ និងពលរដ្ឋខ្មែរ ក្រោមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយដល់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ដើម្បីជាការគាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ពជាតិ ។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានចាត់ទុកថា ទឹកចិត្ត និងកាយវិការដ៏ប្រពៃថ្លៃថ្លានេះ ជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងនាមសមរភូមិក្រោយ ដែលតែងតែឧបត្ថម្ភគាំទ្រផ្នែកមូលដ្ឋានសម្ភារចាំបាច់ឱ្យដល់កងទ័ព ដើម្បីឱ្យកងទ័ពអាចប្រើប្រាស់សមត្ថភាពជំនាញប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តគ្រប់ភារកិច្ចចាំបាច់ចំពោះមុខ រួមទាំងក្នុងប្រតិបត្តិការជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាដើម្បីឆ្លើយតបចំពោះដំណើរការទំនើបកម្មស្របតាមការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បន្តថា អំណោយដ៏ថ្លៃថ្លានេះ ក៏បានឆ្លុះបញ្ចាំងអំពីចំណងសាមគ្គីភាព និងសម្ព័ន្ធមេត្រីភាពជិតស្និទ្ធរវាងកងទ័ព និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃខឿនការពារជាតិរបស់ប្រជាជន ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏អំពាវនាវលើកទឹកចិត្តដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ឲ្យបន្តចូលរួមចំណែកអនុវត្តកាតព្វកិច្ចការពារជាតិដ៏ពិសិដ្ឋរបស់ពលរដ្ឋ ដោយឈរលើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជននេះ ឱ្យបានកាន់តែសកម្មបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែង ជាពិសេសបម្រើដល់ការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូល និងឆ្អឹងខ្នងនៃខឿនការពារជាតិ ។
គួរបញ្ជាក់ថា រថយន្តដឹកជញ្ជូនចំនួន ២៣០ គ្រឿង នេះបានបែងចែកទៅដល់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទសរុបចំនួន ៦២ អង្គភាព ។ នេះជាការផ្តល់អំណោយរថយន្តទ្រង់ទ្រាយធំលើកទី២ បន្ទាប់ពីលើកទី១ ធ្វើឡើងកាលពីឆ្នាំ២០២០ ដែលប្រគល់រថយន្តចំនួនរថយន្ត សរុប២៩០គ្រឿង ជាជូនដល់ កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ចំនួន២៤អង្គភាព ៕