សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរត្រូវក្តាប់ឲ្យបានអ្នកញៀនគ្រឿងញៀនក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឈានទៅទប់ស្កាត់ ចាត់វិធានការ និងព្យាបាល ស្តារនីតិសម្បទា។ សម្តេចក្រឡាហោម បានលើកឡើងបែបនេះ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា និន្នាការអ្នកញៀនគ្រឿងញៀនមិនទាន់ថយចុះនៅឡើយទេ ខណៈជាមធ្យមយ៉ាងហោចណាស់មាន ១០ករណីក្នុងមួយថ្ងៃ ហើយមិនមានតែនៅទីក្រុងភ្នំពេញទេ បញ្ហាគ្រឿងញៀននេះក៏រាលដាលនៅតាមបណ្តាខេត្តនានាដែរ។
តាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពានវាវបងប្អូនកូនក្មួយជនរួមជាតិទាំងអស់ ពិសេស មាតា បិតា អាណាព្យាបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធដទៃទៀតត្រូវបន្តយកចិត្តទុកដាក់អប់រំកូនចៅ កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ និងសូមបន្តចូលរួមឱ្យកាន់តែសកម្មថែមទៀតក្នុងការកំណត់មុខសញ្ញាបទល្មើស និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចអនុវត្តច្បាប់ ដើម្បីឈានទៅមានវិធានការដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមខ្លឹមសារគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងទិសស្លោក «៣កុំ ១រាយការណ៍»។
«៣កុំ ១រាយការណ៍» ក្នុងនោះ ទី១ គឺកុំពាក់ព័ន្ធ៖ មានន័យថា កុំជួញដូរ កុំចែកចាយ កុំធ្វើជាខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ កុំទី២ គឺកុំអន្តរាគមន៍៖ មានន័យថា កុំរារាំងការអនុវត្តច្បាប់ចំពោះ ឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិឬមិត្តភក្តិក៏ដោយ។ រីឯ កុំទី៣ គឺកុំលើកលែង៖ មានន័យថា កុំបន្ធូរបន្ថយ ការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន៕
អត្ថបទ៖ អក្ខរា