យុទ្ធនាការមិនឲ្យពលរដ្ឋទៅបោះឆ្នោត ឬទៅគូសសន្លឹកឆ្នោតចោល កំពុងលេចឡើងនៅលើបណ្តាញសង្គម ដែលជាចលនាញុះញង់ចេញពីក្រុមអ្នកនយោបាយក្រៅប្រទេស គឺលោក សម រង្ស៊ី និងបក្ខពួក នៅមុនការបោះឆ្នោតជាតិមកដល់។
ជុំវិញយុទ្ធសាស្រ្តរបស់អតីតមេដឹកនាំបក្សប្រឆាំងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរ និងអ្នកប្រើប្រាស់បណ្តាញសង្គមប្រតិកម្ម ហើយចាត់ទុកថានេះចេតនាបំផ្លាញដំណើរការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ផ្ទុយទៅវិញ ពលរដ្ឋអះអាងថា ពួកគាត់នឹងទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ។
អតីតយុវតីដែលធ្លាប់គាំទ្រចលនាប្រឆាំង កញ្ញា ហាន់ ស៊ូជិន បានអំពាវនាវឲ្យប្រជាពលរដ្ឋ សូមកុំជឿតាមការញុះញង់ បោកបញ្ឆោទរបស់អ្នកនយោបាយ ដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសគណបក្សដឹកនាំប្រទេសដែលអាចថែរក្សាសន្តិភាពជូនប្រជាជនកម្ពុជាបាន។
នៅក្នុងឃ្លីបវីដេអូ និងសារបង្ហោះតាមហ្វេសប៊ុករបស់ខ្លួនឈ្មោះ រតនៈរាជ-Han Sujin កាលពីពេលថ្មីៗនេះ យុវតីរូបនេះ បានរំលេច ៣ចំណុច ដើម្បីឲ្យពលរដ្ឋបានយល់អំពីទង្វើរបស់ជនមួយក្តាប់តូច ដែលកំពុងព្យាយាមញុះញង់ប្រជាជាតិខ្មែរឲ្យយល់ច្រឡំចំពោះលទ្ធិប្រជាធិបតេយ្យត្រឡប់មកជាអាណាធិបតេយ្យទៅវិញ។ ១. ខ្លួនអួតថា អ្នកប្រជាធិបតេយ្យ តែអំពាវនាវកុំឱ្យគេទៅបោះឆ្នោតទៅវិញ ឬទៅគូសខ្វែងចោលទៅវិញ នេះឬអ្នកប្រជាធិបតេយ្យ ២. ខ្លួនអួតថា ស្នេហាជាតិ តែតាមពិតបំផ្លាញផលប្រយោជន៍ជាតិ អំពាវនាវឱ្យគេកាត់ជំនួយ កុំឱ្យគេផ្តល់ជំនួយដល់កម្ពុជា ដើម្បីអំណាច ៣. អួតថា ក្រុមអ្នកប្រជាធិបតេយ្យ តែញុះញង់ឱ្យបែរកាណុងរំលំរដ្ឋាភិបាល ព្រោះតែចង់បានអំណាច។
កញ្ញាបន្តថាការអញ្ជើញទៅបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំប្រទេស ជារឿងដែលត្រឹមត្រូវបំផុត ព្រោះប្រជាពលរដ្ឋម្នាក់ៗជាអ្នកកំណត់ជោគវាសនាជាតិរបស់ខ្លួន ដូច្នេះបើមិនអញ្ជើញទៅបោះឆ្នោតទេនោះ ប្រយ័ត្នស្ដាយក្រោយ ដោយសារជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម។
គណនីហ្វេសប៊ុកឈ្មោះ EV Sambo បានលើកឡើងថា៖ «អ្នកត្រូវចាំថាបេីអ្នកគូសសន្លឹកឆ្នោតចោល ហេីយអ្នកវាយតម្លៃថាការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនៃរដ្ឋសភានីតិកាលទី៧ នៅថ្ងៃទី២៣ កក្កដា២០២៣ខាងមុខនេះជាអំពេីអយុត្តិធម៌ឬធ្វេីឲ្យប្រជាធិបតេយ្យដេីរថយក្រោយ។ នោះអ្នកនឹងក្លាយជាអ្នកចូលរួម/ចូលដៃបង្កេីតអំពេីអយុត្តិធម៌និងធ្វេីឲ្យប្រជាធិបតេយ្យនៅកម្ពុជាដេីរថយក្រោយដែរ»។
រីឯគណនីហ្វេសប៊ុកឈ្មោះ មី សុម៉េង បានសរសេរថា៖ «បក្សប្រឆាំងស្លន់ស្លោ ដេករកនឹកធ្វើមិចញុះញង់ឲ្យប្រជាពលរដ្ឋបំផ្លាញលទ្ធិប្រជាធិបតេយ្យ»។ ចំណែកពលរដ្ឋអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនទៀត ក៏សុទ្ធតែបញ្ចេញមតិស្រដៀងៗគ្នានេះដែរ។
ជាការកត់សម្គាល់ នៅមុនការបោះឆ្នោតជាតិម្តងៗលោក សម រង្ស៊ី និងបក្ខពួករបស់ខ្លួន តែងតែប្រើឧបាយកលប៉ុនប៉ងបំផ្លាញដល់ដំណើរការបោះឆ្នោត និងបំផ្លាញសន្លឹកឆ្នោត ដែលជាការបង្កឲ្យមានភាពចលាចលវឹកវរក្នុងសង្គមតាមគ្រប់រូបភាព។ យុទ្ធនាការគូសខ្វែងសន្លឹកឆ្នោតចោលនេះ ត្រូវបានគេមើលឃើញថា លោក សម រង្ស៊ី កំពុងប្រើយុទ្ធសាស្រ្តបំផ្លិចបំផ្លាញថ្មីមួយទៀត សម្រាប់ការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០២៣នេះ បន្ថែមពីលើយុទ្ធសាស្ត្រដេកផ្ទះឈ្នះស្អាត ក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៨ ដែលទទួលបរាជ័យទាំងស្រុង៕
អត្ថបទ៖ អក្ខរា