ថ្លែងចំពោះមុខកម្មករ-និយោជិតរាប់ម៉ឺននាក់ និងភ្ញៀវដែលបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំឲ្យលោក សូ ណារ៉ូ ដែលទើបត្រឡប់មកពីប្រទេសអាមេរិកវិញ ក្រោយពីចាកចេញពីប្រទេសកម្ពុជាអស់រយៈពេល ១១ឆ្នាំកន្លងមក ពិនិត្យមើលស្ថានភាពពិត ហើយនិយាយការពិតពីកម្ពុជា ប្រាប់ទៅប្រជាពលរដ្ឋនៅបរទេសបានដឹងផង។
ចំណែកឯលោក សូ ណារ៉ូ ក្រោយជួបប្រមុខរាជរដ្ឋាភិបាលដោយផ្ទាល់លើកទី១នេះ ក៏បានបង្ហាញអារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា ថ្ងៃដំបូងបានជួបមេដឹកនាំកំពូលជាទីនឹករលឹកដោយផ្ទាល់។ ជាមួយគ្នានេះលោកបញ្ជាក់ថា រូបភាពមានន័យគ្រប់គ្រាន់ដោយមិនចាំចាច់ធ្វើអត្ថាធិប្បាយ។ អរគុណសន្តិភាព។
លោក សូ ណារ៉ូ ព្រមទាំងក្រុមគ្រួសារ បានមកដល់ទឹកដីប្រទេសកម្ពុជាវិញបន្ទាប់ពីបានចាកចេញពីប្រទេសកំណើតកាលពីឆ្នាំ ២០១២ ។ ជុំវិញការវិលត្រឡប់របស់លោកក្នុងវ័យ៥៨ឆ្នាំនេះ គឺជាការវិលមកបំពេញការងារក្នុងក្របខណ្ឌរដ្ឋ ក្នុងតួនាទីជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប់ពីព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣។
មុននឹងទទួលការតែងតាំងជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងជាប្រតិភូអមនាយករដ្ឋមន្ត្រីឡើងវិញ លោកក៏ធ្លាប់មានក្របខណ្ឌរដ្ឋបំពេញការងារ នៅទីស្ដីការគណៈរដ្ឋមន្ត្រី និងនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្នុងនាមជាជំនួយការផ្ទាល់របស់សម្ដេចតេជោផងដែរ៕