ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ថា ៖ លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ កន្លងមក ក៏ដូចជាគ្រប់ការបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជាបានទទួលសម្លេងគាំទ្រច្រើន និងអាចដឹកនាំរាជរដ្ឋាភិបាល គឺដោយសារម្ចាស់ឆ្នោតបានផ្តល់នូវការទុកចិត្ត និងការជឿជាក់លើការដឹកនាំ និងគុណបំណាច់ដ៏ធំធេងរបស់បក្ស ជាពិសេសសមិទ្ធផលវិជ្ជមានជាច្រើនដែលបានធ្វើសម្រាប់ជាតិ និងប្រជាជន។
មូលហេតុដែលគណបក្សប្រជាជនកម្ពុជា តែងទទួលបានការគាំទ្រ និងមានឱកាសដឹកនាំប្រទេសជាប់រហូតមក គឺដោយសារគណ បក្សប្រកាន់គោលការណ៍ និងបុព្វហេតុឥតងាករេ គឺកើតដោយសារប្រជាជន ដើម្បីប្រជាជន និងរបស់ប្រជាជន។ ភាពជោគជ័យនេះ គឺមិនមែនបានមកដោយចៃដន្យនោះទេ ព្រោះថាសន្លឹកឆ្នោតរបស់ម្ចាស់ឆ្នោត គឺមិនងាយយកបានដោយងាយស្រួល ឬដល់ថ្ងៃគាត់ទៅគូសជូននោះទេ។ សន្លឹកឆ្នោតដែលទទួលបាន គឺបានមកពីការទុកចិត្ត និងការយកបានបេះដូង ហើយយើងគ្រប់គ្នាត្រូវដឹងថា ការយកបានសន្លឹកឆ្នោតមួយសន្លឹកៗ គឺពិបាកយកណាស់ ដែលទាមទារឱ្យយើងគ្រប់គ្នាត្រូវខិតខំធ្វើសកម្មភាព និងបម្រើប្រជាពលរដ្ឋដោយសេចក្តីស្មោះត្រង់ និងបង្កើនភាពសកម្មទ្វេដង ព្រមទាំងនៅកៀកជិតប្រជាពលរដ្ឋជានិច្ចជាកាល ជាពិសេសនៅ ពេលមានតម្រូវការបំផុត។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖ ក្នុងនាមជាគណបក្សដែលឈ្នះការបោះឆ្នោត និងដឹកនាំប្រទេស ក្នុងរយៈកាល នោះទេ គឺគ្មានជម្រើសដើម្បីសម្រាកនោះទេ ពីព្រោះយើងទទួលបាននូវការទុកចិត្ត និងការផ្ញើជោគវាសនាពីសំណាក់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីឱ្យបក្សដឹកនាំ និងបម្រើពួកគាត់សម្រាប់រៀងរាល់ ៥ ឆ្នាំម្តង តាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងដែលកំពុងចាក់គ្រឹះយ៉ាងរឹងមាំ ដោយក្នុងនេះ ក៏មានការរៀបចំដំណើរការបោះឆ្នោតយ៉ាងទៀតទាត់ចាប់តាំងពីនីតិកាលទី១ រហូតឈានដល់ការបោះឆ្នោតនីតិកាលទី ៧ នាថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ដូច្នេះ គ្រប់ពេលតែងមានវត្តមានថ្នាក់ដឹកនាំ និងសមាជិកបក្សនៅជាប់ជាមួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់ កាលដ៏លំបាកបំផុត គឺមិនរត់ចោលប្រជាជន ហើយខិតខំជួយប្រជាជន និងសង្គ្រោះជីវិតប្រជាជន តួយ៉ាងដូចជាដំណាក់កាលនៃជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ ជាដើម គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានដាក់ចេញនូវយន្តការ, វិធីសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងមកផ្តល់ជូនប្រជាជនបានទាន់ពេលវេលា ហើយឈានមកដល់ការបើកដំណើរការ ប្រទេសជា ប្រក្រតីឡើងវិញយ៉ាងឆាប់រហ័សបំផុត៕