កម្ពុជា បើកច្រកទីផ្សារនាំចេញអង្ករក្នុងបរិមាណដ៏ធំលើដំបូងទៅកាន់ប្រទេសហ្វីលីពីន

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានសម្ពោធការនាំចេញអង្ករ កម្ពុជាក្នុងបរិមាណធំលើកដំបូងចំនួន ២ ៥៧៥តោន ទៅកាន់ប្រទេសហ្វីលីពីន។

កម្មវិធីអបអរសាទរនៃការប្រកាសបើកច្រកទីផ្សារនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណៈរដ្ឋហ្វីលីពីន និងមន្ត្រីក្រសួងការបរទេស ក្រសួងកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិករបស់ខ្លួន។

គួរជម្រាបថា គណៈប្រតិភូរួមគ្នារវាងក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានបង្កើតឡើងសម្រាប់បេសកកម្មសិក្សាទីផ្សារអង្ករទៅកាន់ប្រទេសហ្វីលីពីន នៅដើមខែកុម្ភៈ ឆ្នាំ២០២៣។ នៅអំឡុងពេលទស្សនៈកិច្ចនេះ គណៈប្រតិភូកម្ពុជា បានជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មហ្វីលីពីន លោក Alfredo Pascual និងអ្នកនាំចូលអង្ករធំៗជាច្រើនរូប។

ជាលទ្ធផលនៃការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ក្រុមបេសកកម្ម កម្ពុជាសម្រេចបាននូវការនាំចេញអង្ករក្នុងបរិមាណដ៏ធំដំបូងរបស់ខ្លួនទៅកាន់ប្រទេសហ្វីលីពីន ដែលត្រូវបានប្រតិបត្តិដោយក្រុមហ៊ុន ខ្មែរ ហ្វ៊ូតគ្រុប ដែលនេះចាត់ទុកថា ជាជោគជ័យមួយរបស់កម្ពុជាក្នុងការនាំចេញអង្ករចូលទីផ្សារថ្មី។

ប្រទេសហ្វីលីពីនជាប្រទេសដែលនាំចូលអង្ករប្រមាណជាង ៤លានតោន ជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០២២ កន្លងទៅប្រទេសហ្វីលីពីន បាននាំចូលអង្ករចំនួន ៣.៨២លានតោន ពីបណ្តាប្រទេសនានា ដែលប្រភេទអង្ករភាគច្រើនបំផុត ជាប្រភេទអង្ករ ស ធម្មតា៕

អត្ថបទ៖ អក្ខរា